(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានដាស់តឿនដល់បណ្ដាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែននៃស្រុកកោះធំ និងស្រុកលើកដែក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះពលរដ្ឋទាំងអស់ ពិសេសគឺពិនិត្យឱ្យបានម៉ត់ចត់ ទៅលើជនបរទរស ដែលសុំចូលកម្ពុជា ហើយការពារយ៉ាងម៉ឺងម៉ាត់ ចំពោះច្រករបៀងក្រែងលោមានការលួចចូលណាមួយ ដែលប្រការនេះមិនត្រូវធ្វេសប្រហែសឡើយ។
លោកថា «យើងបានរៀបចំជាស្រេចក្រុមគ្រូពេទ្យ និងទីតាំងសំរាប់សំរាកព្យាបាល បើសិនមានករណីអ្នកជំងឺ COVID-19 ត្រូវបានរកឃើញពិតមែន»។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងនៅគ្រាដែលលោកអភិបាលខេត្តដឹកនាំ ក្រុមការងារជាច្រើននាក់ បានអញ្ជើញចុះទៅសំណេះសំណាលជាមួយអាជ្ញាធរ សមត្ថកិច្ចដែលបានឈរជើងតាមព្រំដែន ដើម្បីផ្សព្វផ្សាយណែនាំ និងបង្កើនការយកចិត្តទុកដាក់ ពិនិត្យនិងត្រៀមការពារទៅលើជំងឺផ្លូវដង្ហើមប្រភេទថ្មី (Covid-19) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ។
អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ខេត្តកណ្ដាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺ Covid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងធ្វើការតេស្ដកំដៅដល់អ្នកឆ្លងកាត់តាមព្រុំដែន ដើម្បីការពារសុវត្ថិភាព និងការពារការចម្លង ដល់អ្នកដទៃបានផងដែរ បើសិនជាមានករណីវីរុស COVID-19 កើតឡើងចំពោះនរណាម្នាក់ ។
លោក គង់ សោភ័ណ្ឌ សង្កត់ធ្ងន់ថា បើទោះបីមានឧបករណ៍ទំនើបគ្រប់គ្រាន់យ៉ាងណាក្ដី ពលរដ្ឋយើងទាំងអស់ ព្រមទាំងមន្ត្រីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាលក្ខណៈឯកជនឱ្យបានម៉ត់ចត់ ដោយឈរលើកត្តាអនាម័យខ្ពស់ ឧស្សាហ៍លាងសំអាតដៃជាមួយទឹកសម្លាប់មេរោគ និងវិធីការពារជាច្រលនវិធីទៀតផងដែរ ។ លោកថា បើសិនពលរដ្ឋមានការសង្ស័យ គឺត្រូវទៅមណ្ឌលសុខភាពភ្លាម កុំបង្អង់យូរ។
លោកអភិបាលខេត្តកណ្ដាល ក៏បានដឹកនាំគណៈប្រតិភូ ចុះទៅពិនិត្យ ការដ្ឋានសាងសង់ជើងតេ និងសាងសង់ច្រាំងនៅតាមព្រំដែន និងស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកកោះធំ ពិសេសពិនិត្យវឌ្ឍនភាពសំណង់អគារប៉ុស្តិ៍នគរបាល វរ:ការពារព្រំដែន៦០៥ផងដែរ ៕