(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។
ការប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។ នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានបានរៀបរាប់ឲ្យដឹងថា នៅរសៀលម៉ោង៤៖៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុស Covid-19។
ស្ត្រីមានវីរុស Covid-19 នេះ បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាខាលើ ពីទីក្រុងហូជីមិញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃដដែលមុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះ បានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះ នៅថ្ងៃទី០២ មីនា ឆ្នាំ២០២០នោះ មានជនជាតិវៀតណាមម្នាក់ ដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញវិជ្ជមានវីរុស Covid-19 នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ពេលមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន៣នាក់ (ដោយ២នាក់ ប្រកែកមិនព្រមឲ្យយកជាដាច់ខាត ដោយគាត់សំអាងថា មិនមានបញ្ហាសុខភាព ឬរោគសញ្ញាអ្វីទាំងអស់»។ ជាលទ្ធផលអ្នកទាំង៣នាក់នេះ មានអវិជ្ជមានវីរុស Covid-19។ បន្ទាប់មកនាវាបានបន្តដំណើរទៅកាន់ខេត្តកំពង់ចាម។
ដើម្បីឲ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ព័ត៌មាន ទៅកាន់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីឲ្យរង់ចាំយកវត្ថុសំណាកទាំង២នាក់ ដែលមិនទាន់ធ្វើតេស្តនោះ ដោយមានការសម្របសម្រួលពីអ្នកគ្រប់គ្រងនាវា នៅពេលចូលចតនៅចំណតនៃខេត្តកំពង់ចាម ហើយត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងបញ្ជូនសំណាកវត្ថុវិភាគមក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤៖៣០នាទីរសៀលនេះ ក៏ទទួលបានលទ្ធផលវិជ្ជមាន Covid-19 លើស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។
គួរបញ្ជាក់ថា បុគ្គលដែលសង្ស័យទាំង៥រូបខាងលើនេះ ត្រូវបានឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកលើនាវាភ្លាមៗ ដោយមិនឲ្យចាកចេញមកលើគោក នៅរាជធានីភ្នំពេញឡើយ នៅពេលរង់ចាំលទ្ធផល។ ពាក់ព័ន្ធករណីរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ មន្រ្តីសុខាភិបាលកំពុងតាមដានរឿងលើនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕