(ភ្នំពេញ)៖ លោក Jongsoo Shin អគ្គនាយកថ្មីនៃភ្នាក់ងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លោកបានប្រាប់រដ្ឋមន្ត្រីកសិកម្មថា ស្វាយកម្ពុជាដែលនាំទៅកូរ៉េ កំពុងទទួលបានតម្លៃល្អ និងគាំទ្រជាច្រើនពីប្រជាជនកូរ៉េ។
ក្នុងជំនួបនោះ លោកអគ្គនាយក Jongsoo Shin ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើននៃការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ទាំងវិស័យកសិកម្មផងដែរ។
លោកក៏បានសារទរ ចំពោះវត្ដមានរបស់ស្វាយស្រស់កម្ពុជា នៅទីផ្សារកូរ៉េ ដែលកំពុងទទួលបាននូវតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើនពីប្រជាជនកូរ៉េ។
ក្នុងនាមអ្នកជំនាញផ្នែកកសិកម្ម និងមានបទពិសោធន៍ច្រើន ក្នុងការអភិវឌ្ឍជនបទ ការផលិត និងបង្កាត់ពូជដំណាំ និងរុក្ខជាតិ
និងក្នុងតួនាទីរបស់ លោកជាអគ្គនាយកនៃភ្នាក់ងារ KOTRA លោកនឹងព្យាយាមប្រឹងប្រែង យកចំណេះដឹង ចំណេះធ្វើ និងពុទ្ធិដែលទទួលបានពីជំនួបនារសៀលនេះ យកទៅផ្សព្វផ្សាយពន្យល់ និងទាក់ទាញវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា សហការជាមួយមន្ត្រីជំនាញក្រសួង រួមគ្នាបន្តការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មី នៃភ្នាក់ងារ KOTRA ហើយក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែ ផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលថ្មីៗនេះ ភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជន ក្រសួងបានធ្វើការកំណែទម្រង់ទាំងគោលនយោបាយ និងផែនការសកម្មភាព ដោយផ្តោតសំខាន់ទៅលើផលិតកម្មពូជសុទ្ធ ការធ្វើកសិកម្មចម្រុះ និងដំណាំកសិ-ឧស្សាហកម្ម ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ដំឡូងបារាំង ពោត ។ល។ ជំរុញវារីវប្បកម្ម និងផលិតកម្មសត្វ បែបទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងតម្រូវការនៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក កាត់បន្ថយការនាំចូល។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឲ្យការងារទាំងអស់នេះ សម្រេចទៅបានដោយជោគជ័យ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺតាមការអនុវត្តអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍»។ ដូច្នេះ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិរបស់លោកអគ្គនាយក លោកនឹងព្យាយាមប្រឹងប្រែងអស់លទ្ធភាព ដើម្បីអនុវត្តអភិក្រមខាងលើ សហការទាំងផ្នែករដ្ឋ និងគៀងគរផ្នែកឯកជនមកវិនិយោគ ឬទិញផលិតផលកសិកម្មកម្ពុជា ដោយអនុវត្តតាមយន្តការផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយសហគមន៍៕