(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញពីការយល់ឃើញថា ការបំភ្លៃ បំភ័យ និងបំប៉ោងព័ត៌មាន ពាក់ព័ន្ធនឹងមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យពលរដ្ឋមួយចំនួនបាត់នូវគុណធម៌ ដែលខ្មែរធ្លាប់មានតាំងពីដើមមក។
លោក ជុំ កុសល បានលើកឡើងនៅលើ Facebook របស់លោកថា៖ «សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ។ ខ្មែរយើងគឺជាជាតិសាសន៍មួយដែល ប្រកាន់ខ្ជាប់នូវគុណធម៌ ចេះជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលង ឬដើរចៀសទុកចោលឡើយ។ ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មី ដែលមានឈ្មោះថា Covid-19 នេះ គួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌មានពីមនុស្សអាក្រក់មួយចំនួនផងនោះ ទើបធ្វើឲ្យមានមនុស្សខ្លះ ខ្វះការពិចារណា ក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់ ទោះឃើញមនុស្សដេកដួល ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយសង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅវិញ»។
ប្រតិកម្មរបស់ លោក ជុំ កុសល បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម និងជនអនាមិក បានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិតជាបន្តបន្ទាប់ អំពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។ ព័ត៌មានទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួន កាន់តែភ័យខ្លាចកាន់តែខ្លាំងអំពីជំងឺកូវីដ១៩ ខណៈដែលកម្ពុជាបានរកឃើញអ្នកឆ្លងម្នាក់ទៀត អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។
លោក ជុំ កុសល បានចោទជាសំណួរថា តើបងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ? លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លាស់ ហើយងាកមកជួយគ្នាឡើងវិញ។
លោកបញ្ជាក់ថា «យើងត្រូវដឹងថា៖ ការដួលសន្លប់នៅតាមផ្លូវសាធារណ:មិនមែនជារោគសញ្ញានៃជំងឺ Covid-19 ដូចការការផ្សព្វផ្សាយបំភ័យនោះទេ។ តាមការផ្តល់មតិពីសំណាក់គ្រូពេទ្យបានឲ្យដឹងថា អ្នកដែលដួលសន្លប់គឺអាចមកពីខ្វះជាតិស្ករ ខ្វះជាតិទឹក ជំងឺខ្សោយសម្ពាធឈាម ជំងឺស្រ្តុក( Stroke ) ជំងឺស្ហុក ( Shock ) ជំងឺគាំងបេះដូង ( Heart attack ) ជំងឺឆ្កួតជ្រូក ( epilepsy) រឺ អ្នកស្រវឹងស្រា ។ ល។ សូមជួយគ្នា តាមរយ:ការហៅទូរស័ព្ទទៅរករថយន្តពេទ្យ ឬសង្គ្រោះបឋមភ្លាមៗដើម្បីសង្គ្រោះជីវិតអ្នកជំងឺនិងសូមកុំនាំគ្នាខ្លាចទៀត»៕