(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាល់គម្រោងសាងសង់ផ្លូវ និងស្ពាន ដែលគាំទ្រហិរញ្ញប្បទានដោយរដ្ឋាភិបាលចិននោះ នៅតែដំណើរការជាធម្មតា ទោះបីជួបបញ្ហារំខាន់សេដ្ឋកិច្ចដោយជំងឺកូវីត១៩ក៏ដោយនោះ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ប្រាប់ Fresh News ថា ផ្លូវ និងស្ពាន កំពុងសាងសង់ គឺដំណើរការសាងសង់ ហើយគម្រោងដែលដាក់កំពុងសិក្សាក៏កំពុងតែដំណើរការផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា មកដល់ពេលនេះ គម្រោងសាងសង់ផ្លូវ និងស្ពាន មិនមានគម្រោងណាមួយត្រូវបានបញ្ឈប់នោះឡើយ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានអះអាងថា ផ្លូវ និងស្ពានដើរតួនាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូន ដូច្នេះរាជរដ្ឋាភិបាលប្រឹងប្រែងជម្នះសម្រេចឱ្យបានទៅតាមផែនការ។
ប្រទេសចិន គឺជាប្រទេសដែលបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេសម្រាប់ការសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប ២,៧៧៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៦៣៦លានដុល្លារអាមេរិក។ គម្រោងកំពុងសាងសង់មានចំនួន ៥ខ្សែ មានប្រវែងប្រមាណ ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៧៥៨.៨៣លានដុល្លារអាមេរិក។
ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ៨ស្ពាន មានប្រវែងសរុប ៧,៤៣៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២៣៣លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង ស្ពានឆ្លងកាត់ទន្លេ បាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម មានប្រវែងសរុប ២,១២៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១៣លានដុល្លារអាមេរិក។
សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និង ជំនួយឥតសំណងរបស់ចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹក ប្រាក់ សរុបប្រមាណ ២,៧៤១លានដុល្លារអាមេរិក៕