(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានប្រារព្ធពិធីពុទ្ធាភិសេក ព្រះពុទ្ធរូប និងរាប់បាត្រ១០៨អង្គ សូមសេចក្ដីសុខចម្រើនដល់ប្រជាជនខ្មែរ ឱ្យចៀសផុតពីជំងឺផ្សេងៗជាពិសេសជំងឺកូវីដ-១៩នេះ ដែលប្រារព្ធធ្វើឡើងនៅសាលាបុណ្យ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សារសុខភាព ហូបស្អាត រស់នៅស្អាត និងត្រូវពង្រឹងជាមួយការប្រកាន់ភ្ជាប់នូវអនាម័យស្អាតជានិច្ច ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗក្រៅពីជំងឺផ្លូវដង្ហើមកូវីដ-១៩នេះ។
លើសពីនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានចែកទេយ្យទាន ជាក្រណាត់ស ថវិកា ជាពិសស ក្រមា ជូនពុទ្ធបរិស័ទដែលបានចូលរួមពីក្នុងភូមិស្រុក សម្រាប់ប្រើប្រាស់ និងដើម្បីកាន់បន្ថយការចំណាយថវិកាទៅទិញម៉ាសផងដែរ ពីការការពារជំងឺការឆ្លង និងចម្លងជំងឺផ្សេងៗ ពេលមានជំងឺផ្ដាសាយ និងក្អកកណ្ដាសនានា។
តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងបញ្ជាក់ថា «យើងទាំងអស់គ្នា សូមអរគុណសុខសន្ដិភាព និងបន្ដរក្សាការពារសុខសន្ដិភាពមួយនេះឱ្យបានរឹងមាំតរៀងរហូតទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិរបស់យើង»។
ក្នុងឱកាសនេះ «ខ្ញុំ និងភរិយា ក៏សូមថ្លែងអំណរគុណដល់ចំពោះរាជរដ្ឋាភិបាល, គណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសន្ដិភាព មានសន្ដិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ មានការអភិវឌ្ឍគ្រប់បែបយ៉ាង នឹងបានប្រារព្ធពិធីទ្រទ្រង់ព្រះពុទ្ធសាសនា និងការជួបជុំគ្នាបងប្អូនយើងតាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិយើង»។
សូមជម្រាបថា ក្នុងពិធីបុណ្យពុទ្ធាភិសេក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ នៅថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០២០ ក៏បានប្រារព្ធពិធីចម្រើនព្រះជន្ម របស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលីផងដែរ ដោយមានការនិមន្តពីសំណាក់សម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។
ក្នុងនោះ ក៏មានការជួបជុំពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្ដជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលី ពូនភ្នំខ្សាច់ផ្ដាច់កម្មពៀរវេរា, ពិធីបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ ជាងនេះទៅទៀត ក៏មានការប្រគុំតន្ដ្រី និងកម្មវិធីប្រឡងចម្រៀងកំសាន្ដ ជូនអ្នកភូមិផងដែរ៕