(ឧត្តរមានជ័យ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅឧបត្ថម្ភកងកម្លាំងទិសទី៣ យោធភូមិភាគទី៤ ដើម្បីអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាថ្ងៃខាងមុខ។
ពិធីសំណេះសំណាល និងប្រគល់អំណោយ បានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចលេខ២៥១ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័សេនា ទៀ បាញ់ ជូនដល់កងកម្លាំងឈរជើងនៅតំបន់ជួរមុខ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើការពន្យល់ដល់កងកម្លាំងទាំងអស់ អំពីសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានអត្ថន័យ «អរគុណសន្តិភាព» ដោយសារមានសន្តិភាព ដូចសព្វថ្ងៃនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅ ដោយគ្មានការភ័យខ្លាច និងប្រកបរបរចិញ្ចឹមជីវិតកាន់តែមានជីវភាពធូរធារ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកយកប្រសាសន៍ របស់ម្តេចតេជោ ហ៊ុន សែន មកប្រាប់កងកម្លាំងផងដែរថា គ្រប់មនុស្សទាំងអស់លើពិភពលោក ត្រូវការសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ដោយមើលឃើញពីតម្លៃដ៏មហាសាល នៃសន្តិភាព នាយឧត្ដមសេនីយ៍ បានអំពាវនាវដល់ កងកម្លាំងទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព ព្រោះមានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន។
ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងការកោតសរសើរចំពោះ គំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ច បម្រើជាតិមាតុភូមិ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៃមាតុភូមិ។
នាយឧត្ដមសេនីយ៍ បានសំណូមពរដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕