(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់យុវជន ត្រូវចេះចាប់យកឱកាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣ នៅខែវិច្ឆិកា ខាងមុខនេះ។
ការជំរុញរបស់ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសអបអរសាទរទិវា ASEM DAY ស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ទីធ្លាមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
លោក ប្រាក់ សុខុន បានថ្លែងថា ការប្រារព្ធទិវា ASEM Day ថ្ងៃនេះ គឺជាការបង្ហាញពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣។ ក្រៅពីគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់របស់ ASEM និងព្រឹត្តិការណ៍ទាំងអស់ពាក់ព័ន្ធនឹង ASEM ដែលកម្ពុជារៀបចំធ្វើក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះ គឺពាក់ព័ន្ធជាពិសេសដល់យុវជនយើង។
លោកបញ្ជាក់ថា៖ «យុវជនគឺជាអនាគតរបស់យើង កាលណាពួកគេចាប់បានឱកាសនៃភាពជាដៃគូអាស៉ី-អឺរ៉ុបនេះកាន់តែឆាប់ នោះពួកគេនឹងត្រៀមខ្លួនកាន់តែប្រសើរដើម្បីធានានូវអនាគតដ៏វែងឆ្ងាយរបស់ពួកគេ ដែលទៅហួសពីព្រំដែនកម្ពុជាទៅទៀត។ ដូចខ្ញុំបានលើកឡើងពីខាងដើម កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេង ដែលផ្ដល់មកនូវកាលានុវត្តភាពដ៏ល្អប្រសើរដល់យុវជន ដើម្បីបង្កើតអន្តរកម្មដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនយោបាយមកពីទ្វីបអាស៉ី និងអឺរ៉ុបនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់បំផុត»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ មិនមែនគ្រាន់តែរៀបចំ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះតែមួយនោះទេ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប ២៖ វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប ៣៖ កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៉ី-អឺរ៉ុប ៤៖ កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៉ី-អឺរ៉ុប ៥៖ វេទិកាការងារអាស៉ី-អឺរ៉ុប ៦៖ វេទិកាប្រជាជនអាស៉ី-អឺរ៉ុប ៧៖ មហោស្រពវប្បធម៌ អាស៉ី-អឺរ៉ុប និង៨៖ វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ។
សូមបញ្ជាក់ថា ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន ១៥នៃសហភាពអឺរ៉ុបនិង ប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និង រដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាន នៃស្នងការអឺរ៉ុប និង អគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ASEM ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក ប្រាក់ សុខុន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤ ជាឆ្នាំដែលកម្ពុជាបានក្លាយជាដៃគូរបស់ ASEM យើងបានចូលរួមចំណែកយ៉ាងសកម្មលើសសរស្តម្ភទាំងអស់ ដែលបានដាក់ចេញដោយកិច្ចប្រជុំ ASEM ដើម្បីធ្វើឱ្យវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៉ី និងអឺរ៉ុបនេះកាន់តែប្រកបដោយថាមវ័ន្ត។ បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៉ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ៦៥%នៃសេដ្ឋកិច្ចពិភពលោក ៦០%នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។
លោក ប្រាក់ សុខុន បានបន្តថា ការប្រារព្ធពិធីអបអរសាទរទិវា «ASEM Day» នៅឆ្នាំនេះ ពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជា ពីព្រោះព្រះរាជាណាចក្រកម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកបានស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៉ី-អឺរ៉ុបលើកទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ថា «កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រការទូតរបស់ប្រទេសកម្ពុជា ហើយការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់កម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តកម្រិតខ្ពស់បំផុតរបស់យើងក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម ក៏ដូចជាការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្វែងរក កាលានុវត្តភាពនានា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរស់រវើកឡើងវិញ»។
លោកបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានដាក់ចេញនូវមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» សម្រាប់កិច្ចប្រជុំកំពូលលើកនេះ។ មូលបទនេះផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃទស្សនៈសំខាន់ៗចំនួនបួនគឺ ពហុភាគីនិយម កំណើនការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកពង្រឹងភាពជាដៃគូអាស៉ី-អឺរ៉ុប ដើម្បីធានាថា ពហុភាគីនិយមនាំមកនូវកំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួម៕