(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី
Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសបោសសំអាតមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៤ សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ពិធីនេះ ប្រព្រឹត្តធ្វើឡើង នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ សេនានុព័ន្ធយោធា ប្រទេសជាមិត្ត គ្រូបង្គោលជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមយ៉ាងច្រើនផងដែរ។
បើតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ និងជាអនុប្រធានគណៈកម្មាធិការជាតិ បានឲ្យដឹងថា វគ្គហ្វឹកគ្រូបង្គោលជំនាញបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់ ធ្វើឡើងរយៈពេល១៩ថ្ងៃ ចាប់ផ្តើមថ្ងៃទី៩ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានគោលបំណងផ្តល់ការគាំទ្រដល់ប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិ និងអនុវត្តតាមនិយាមអង្គការសហប្រជាជាតិ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានស្តីពី សកម្មភាពមីន (IMSMA), យុទ្ធសាស្ត្រសកម្មភាពមីនថ្នាក់ជាតិ (NMAS), និងបទពិសោធន៍ជាក់ស្តែងដែលបានមកពីអាជ្ញាធរមីនកម្ពុជា ក៏ដូចជាការដកស្រង់ផ្ទាល់ពីតំបន់បេសកកម្ម មកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងក្នុង និងក្រៅប្រទេស។
នាយឧត្តមសេនីយ៍ បានបន្តថា វគ្គនេះមានការចូលរួមពីសំណាក់យោធាចារ្យជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ ប៉ុន្តែដោយសារវិបត្តិនៃវីរុស Covid-19 បណ្តាប្រទេសមួយចំនួន រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ម៉ុងហ្គោលី ចិន ថៃ វៀតណាម ឡាវ ស្នើសុំផ្អាកការចូលរួម ប៉ុន្តែវគ្គនេះនៅតែបន្តដំណើរការតាមផែនការដែលបានគ្រោងទុក ដោយមានយោធាចារ្យជាតិ និងអន្តរជាតិ មកពីប្រទេសអង្គ និងការអន្តរជាតិ រួមមានបារាំងចំនួន ២រូប ឥណ្ឌា២រូប មជ្ឈមណ្ឌលជាតិ ៦រូប និងស្ថាប័ននានាមួយចំនួនទៀត។ សិក្ខាកាមសរុបចំនួន ២១រូប ក្នុងនោះមានសិក្ខាកាមកម្ពុជា១០រូប ឯ ១១រូបទៀត ជាសិក្ខាកាមបរទេស មកពីប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី នេប៉ាល់ បង់ក្លាដេស និងហ្វីលីពីន៕