(ពោធិ៍សាត់)៖ មានសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ព្រៃឈើធម្មជាតិ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមជនល្មើសមួយក្រុមបានធ្វើសកម្មភាពលួចកាប់ឈើដោយខុសច្បាប់ នៅតំបន់ខាងលើយ៉ាងអនាធិបតេយ្យ ដែលផ្ទុយពីកិច្ចខិតខំការពាររបស់រាជរដ្ឋាភិបាល ដើម្បីអភិរក្សព្រៃឈើដែលនៅសេសសល់។
នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះស្រុកក្រគរ បានចុះស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញាលួចកាប់ឈើ និងដឹកជញ្ជូនឈើដែលកាប់រួច ក្នុងដែនសហគមន៍រម្មណីដ្ឋានទឹកធ្លាក់ច្រកល្អៀង។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតឈើអារួចមួយចំនួន និងរឹបអូសបានរថយន្ដកែច្នៃមួយគ្រឿងផងដែរ។
បើទោះបីជនសង្ស័យមិនត្រូវទាន់បានសមត្ថកិច្ចចាប់ខ្លួនក៏ពិតមែន ប៉ុន្ដែមុខសញ្ញានេះត្រូវគេស្គាល់អត្តសញ្ញាណហើយ ដែលមានឈ្មោះ ស៊ូ នាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីស្រាវជ្រាវចាត់ការបន្ដ។
គួរជម្រាបថា កន្លងមកកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចុះល្បាតព្រៃក្នុងដែនសហគមន៍ខាងលើ លុះដល់ចំណុចកកុះ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្រាប់តែប្រទះឃើញសកម្មភាពកាប់ឈើដោយខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូចខាងលើ ខណៈដែលកន្លែងទេសចរណ៍ធម្មជាតិ ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានឡើយ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានបង្កើតឡើងនៅឆ្នាំ២០០២ មានទំហំសរុប៦៦០ហិចតា ដែលគ្រប់គ្រងដោយសហគមន៍ទេសចរណ៍ នៃឃុំឈើតុំ ស្រុកក្រគរ។ ទីតាំងនេះ នៅចំណុចប្រសព្វនៃខេត្តកំពង់ឆ្នាំង, ខេត្ដកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ហើយព័ទ្ធជុំវិញដោយតំបន់ដែនជំរកសត្វព្រៃដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន។
ចាប់តាំងពីបង្កើតមក ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ម៉ៅ ធនិន អភិបាលខេត្ត បានខិតខំយ៉ាងខ្លាំង ក្នុងការកែលំអរពង្រីកកន្លែងលក់ដូរ និងកន្លែងចតរថយន្ដ ឲ្យបានធំទូលាយបង្កលក្ខណៈឲ្យភ្ញៀវមកលេងបានច្រើនផ្ដល់ចំណូលដល់សហគមន៍។
ដោយឡែក លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងកណ្ដៀង តាមរយៈក្រុមការងារចុះជួយឃុំឈើតុំ បានណែនាំផង ផ្ដល់ជាថវិកា និងមធ្យោបាយផ្សេងផង ជំរុញឲ្យក្រុមការងារជាមួយសហគមន៍ ថែរក្សាព្រៃឈើតំបន់ច្រកល្អៀងនេះឲ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់មូលដ្ឋានផង ដល់ភ្ញៀវទេសចរទូទាំងប្រទេសផង។
យ៉ាងណាមិញ ប្រជាសហគមន៍អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ដល់ជនដែលបង្កបទល្មើសនេះឲ្យខាងតែបាន៕