(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនវត្ថុនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW-កម្ពុជា បានបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមាន លើវិស័យដីធ្លីបន្ទាប់ពី ផ្ទុះឡើងនៃវីរុស Covid-19 ចាប់ពីចុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។
ថ្លែងក្នុងកិច្ចសម្ភាស «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកបណ្ឌិត គីម ហ៊ាង បានថ្លែងយ៉ាងដូច្នេះថា «ការផ្ទុះនៃជំងឺ Covid-19 នឹងធ្វើឲ្យវិស័យដីធ្លីនៅកម្ពុជាដើរថយក្រោយ ហើយដើរថយក្រោមកម្រិតណា គឺអាស្រ័យលើផលប៉ះពាល់នៃជំងឺនេះ ព្រោះបច្ចុប្បន្ននេះយើងពុំទាន់ដឹងថា តើជំងឺនេះបន្ដរយៈពេលយូរប៉ុណ្ណោះនោះទេ ប្រសិនបើជំងឺនេះនៅអូសបន្លាយរយៈពេលយូរ នោះគឺជារឿងធំតែម្ដង ប៉ុន្ដែប្រសិនជំងឺនេះ មានត្រឹមរហូតដល់ខែមិថុនា នោះនឹងមិនមែនជាបញ្ហាអ្វីនោះឡើយ»។
បណ្ឌិតបានបញ្ជាក់ថា មូលហេតុដែលខ្ញុំលើកឡើងខាងលើនេះ ដោយសារតែវិស័យដីធ្លីនៅកម្ពុជា រីកចម្រើនរយៈពេល១០ឆ្នាំ ប្រមាណ២០ភាគរយ គឺបានមកពីការចូលមកវិនិយោគរបស់បរទេស បើក្រឡែកមើលទៅមុនឆ្នាំ១៩៩៣ ដីធ្លីពេលនោះមិនមានចលនាធំដុំនោះទេ ប៉ុន្ដែបន្ទាប់ពីការបោះឆ្នោតមានភ្ញៀវបរទេស មកវិនិយោគ ទើបធ្វើឲ្យវិស័យដីធ្លីកើនឡើងជាលំដាប់។ សម្រាប់បរទេសដែលមកវិនិយោគ ច្រើនជាងគេនៅក្នុងប្រទេសយើង យើងទទួលស្គាល់ គឺភ្ញៀវអាស៊ីតែម្ដងដូចជា ចិន, សិង្ហបុរី, កូរ៉េ, ជប៉ុនជាដើម ហើយពួកគាត់ទាំងនេះ ដែលធ្វើឲ្យវិស័យដីធ្លីមានការកើនឡើង។
លោកបណ្ឌិតឲ្យដឹងថា បច្ចុប្បន្ននេះវិនិយោគិនបរទេសទាំងនោះ ក៏កំពុងរងនូវឥទ្ធិពលនៃវីរុស Covid-19 នេះខ្លាំងផងដែរ។ បើតាមការអង្កេតរបស់លោកឃើញថា តាមព្រលានយន្ដហោះជាច្រើននៅកូរ៉េ, ជប៉ុន, សិង្ហបុរី បានទទួលរងនូវការបាត់បង់ភ្ញៀវក្នុងកម្រិតមួយច្រើន ដូច្នេះបរទេសដែលធ្លាប់មករកស៊ីនៅកម្ពុជា ពួកគេមិនបានបោះបង់នោះឡើយ ប៉ុន្ដែពួកគេពន្យារពេលក្នុងការមករកស៊ីនៅកម្ពុជា។
លោកបណ្ឌិតបន្ដថា ជំងឺ Covid-19 ដែលជាជំងឺលើពិភពលោក បានប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភពលោកទាំងមូល វិស័យដីធ្លីនៅកម្ពុជា ក៏មានផលប៉ះពាល់ ហើយក៏គ្មានអ្នកណាសន្មត់ថា ប៉ះពាល់កម្រិតណានោះទេ គឺអាស្រ័យលើពេលវេលា ហើយត្រឹមខែមិថុនាខាងមុខនេះ ប្រសិនបើចិន និងអាមេរិក អាចទប់ស្កាត់បាន គឺមិនមានបញ្ហាចោទនោះឡើយ ប៉ុន្ដែប្រសិនបើជំងឺនេះ នៅតែបន្ដនោះជាវិបត្តិសេដ្ឋកិច្ចពិភពលោកជាថ្មីម្ដងទៀត។
លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមថា បច្ចុប្បន្ននេះការទិញលក់ដីធ្លីលក្ខណៈធំៗ មានភាពស្ងាត់ច្រើន ព្រោះអ្នកដែលទិញលក់ធំៗ គឺមកពីបរទេស និងក្នុងស្រុកមិនបានមកទិញ ឬវិនិយោគលើវិស័យដីធ្លីទៀតទេ ប៉ុន្ដែមិនមែនមានន័យថា គេមិនមកទិញលក់នៅកម្ពុជាឡើយ គ្រាន់តែពន្យារពេល ដើម្បីរង់ចាំជំងឺនេះ មានការថមថយទៅវិញ ទើបគេត្រឡប់មកវិញសារជាថ្មី។
លោកបណ្ឌិតបន្ដថា ស្របគ្នានឹងការទិញលក់មានការថមថយ ចំណែកឯតម្លៃវិញក៏មានការធ្លាក់ចុះផងដែរ ប៉ុន្ដែនេះជាឱកាសល្អបំផុតសម្រាប់អ្នកមានលុយ ក្នុងការទិញផងដែរ។ លោកថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលុយទិញដី សូមរៀបចំលុយកាក់ទុកជាមុន ព្រោះអាចទិញរបស់បានធូរថ្លៃ»៕