(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្ត និងក្រុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារទ្រុឌទ្រោម ស្ថិតនៅផ្សារក្រោម ជួរមាត់ទន្លេ ក្នុងក្រុងកំពង់ឆ្នាំង ដែលពួកគាត់មិនព្រមចាកចេញពីអគារខាងលើនេះ។

នៅចុងសប្តាហ៍កន្លងទៅនេះ អាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង បានព្រួយបារម្ភចំពោះការមិនទាន់ព្រមចាក ចេញពីសំណង់ផ្ទះល្វែងទាំង ១៣ល្វែង ដែលមានអាយុកាលជាង ៨០ឆ្នាំមកហើយ និងមានសភាពទ្រុឌទ្រោមខ្លាំង ហើយកន្លងមកអាជ្ញាធរខេត្តក្រុង ព្រមទាំងមន្ទីរជំនាញ រួមនឹងសមត្ថកិច្ចបានសហការគ្នា ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងគុណភាពសំណង់នេះ ជាច្រើនលើកច្រើនសារមកហើយដែរ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារការបាក់ស្រុតអគារទាំង១៣ ល្វែងនោះ។ តែប្រជាពលរដ្ឋនៅតែស្នាក់អាស្រ័យ និងប្រកបអាជីវកម្មនៅក្នុងសំណង់ទ្រុឌទ្រោមនោះដដែល។

លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា រយៈពេលជាង ២ឆ្នាំហើយ ដែលក្រុមការងារយើង បានជំរាបជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅក្នុងសំណង់ផ្ទះល្វែងទ្រុឌទ្រោមនេះ ឲ្យចាកចេញជាបន្ទាន់ ដើម្បីចៀសវាងការបាក់រលំសំណង់នេះ តែមកដល់ថ្ងៃនេះពួកគាត់នៅតែនាំគ្នាស្នាក់នៅដដែល ដោយមិនខ្លាចរអានោះឡើយ។

លោកបានបន្តថា ក្រុមការងារជំនាញបានពិនិត្យឃើញថា សំណង់នេះបានសាងសង់នៅជំនាន់បារាំងឆ្នាំ១៩៣១ ដែលមកដល់ពេលនេះមានអាយុ ប្រមាណជិត ៩០ហើយ។ អគារសំណង់នេះផងដែរ ក៏មិនអាចផ្តល់លក្ខណៈអនុគ្រោះឲ្យយើងជួសជុលឡើងវិញបានទេ ដែលនៅតាមជញ្ជាំង ពិដាន សសរគ្រឹះ ធ្នឹម បេតុងប្លង់សេ នៃផ្ទះទាំង ១៣ល្វែងនោះ បានជ្រាបទឹកពុកផុយច្រេះស៊ីដែក ស្ទើរគ្រប់កន្លែង មិនអាចបន្តឲ្យពលរដ្ឋរស់នៅបន្តទៀតបានឡើយ ប្រសិនបើមានការរង្គើដោយប្រការណាមួយ គឺអាចនឹងបាក់ស្រុតបង្ករជាគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខានឡើយ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ក្រុមការងារចំរុះថ្នាក់ខេត្ត ដឹកនាំដោយមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាពសំណង់អគារស្នាក់នៅចំនួន ១៣ល្វែង របស់ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដល់ម្ចាស់ផ្ទះទាំងអស់ ធ្វើយ៉ាង ណាអោយពួកគាត់ចូលរួមជាមួយក្រុមការងារ ដើម្បីដោះស្រាយបញ្ហានេះមុនគ្រោះថ្នាក់មកដល់។

ក្នុងនោះក្រុមការងារចូលរួមមានមន្ទីរដែនដី អាជ្ញាធរខេត្ត ក្រុង សង្កាត់ និងភូមិ ព្រមទាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចូលរួម តែ មកដល់ពេលនេះ ពួកគាត់នៅតែពុំព្រមចាក ចេញនៅឡើយ ដែលធ្វើអោយអាជ្ញាធរយើងមានការព្រួយបារម្ភ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះទ្រុឌ ទ្រោមនោះ បានឲ្យដឹងថា ពួកគាត់មានការបារម្ភដែរ ចំពោះហានិភ័យនេះ តែពួកគាត់គ្មានជំរើស និងពេលខ្លះពួកគាត់ បានជួសជុលដោយយកស៊ីម៉ង់តិ៍ ទៅបូកកន្លែង ពុកផុយបិតដែកគ្រឹះ តែវានៅតែរបេះចេញដដែល និងមានពេល ខ្លះបំណែកសំណង់នៅជាន់ខាង លើបានជ្រុះមកក្រោម ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចក៍មាន តែអ្នករស់នៅផ្ទះទាំង នោះច្រើនជាអ្នកជួលនៅតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរ និងមន្ទីរពាក់ ព័ន្ធជួយដោះស្រាយបញ្ហាខាងលើនេះឲ្យពួកគាត់ ដោយសហការជាមួយម្ចាស់ផ្ទះដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ដែលជាអ្នក ជួលដើម្បីបន្តរស់នៅទីនេះ ដោយសុខសុវត្ថិភាពផង៕