(ភ្នំពេញ)៖ ប្រតិទិនឆ្នាំចាស់ ឆ្នាំ២០១៥ បានរសាត់ផុតទៅ ហើយចូលមកជំនួសវិញ ដោយសន្លឹកថ្មី និងដំបូង នៃប្រតិទិនឆ្នាំថ្មី ឆ្នាំ២០១៦។
ធ្មិចបើក! ធ្មិចបើករយៈពេល ៨៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែ នៃឆ្នាំ២០១៥ បានកន្លងផុតទៀតហើយ ជាមួយរឿងរ៉ាវដែលមានរសជាតិផ្សេងៗគ្នា ផ្អែម ល្វីង ប្រៃ និង ជូរចត់ ហាក់នៅដិតដាមថ្មីៗនៅឡើយ។
មនុស្សគ្រប់រូបតែងមានអារម្មណ៍គិតថា ពេលវេលាវាហាក់មានល្បឿនយឺតៗ សម្រាប់អ្នកអង្គុយទន្ទឹងរង់ចាំ និងនៅពេលយើងបានជួបរឿងមិនល្អៗ តែវាបែរជាមានល្បឿនយ៉ាងលឿនលយ នៅពេលយើងប្រឹងដើរប្រជែងជាមួយវា ឬនៅពេលយើងកំពុងធ្វើ ឬបានជួបនូវរឿងល្អៗ។
ឆ្នាំ២០១៥ ជាឆ្នាំមួយត្រូវបានគេមើលឃើញថា មានទាំងរឿងល្អៗ និង រឿងអាក្រក់ បានកើតឡើងលាយឡំជាមួយគ្នា។ រាប់ពីប្រជាកសិករ ពាណិជ្ជករ សិស្ស និស្សិត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រមុខដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ រួមនិងអ្នក នយោផងដែរ សុទ្ធតែបានបង្ហាញនូវភាពមមាញឹករៀងៗខ្លួន នៅក្នុងតួនាទីភារកិច្ច ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។
ពេញមួយឆ្នាំ២០១៥នេះ ក្នុងគ្រួសារខ្មែរខ្លះ ក៏បានជួបនូវរឿងសប្បាយរីករាយ សុភមង្គលជាមួយភាពជោគជ័យ នៅក្នុងជីវិតក៏ដូចជា ការងារ និង ការសិក្សា។ តែក៏មានគ្រួសារខ្លះទៀត ប្រហែលមិនបានជួបរឿងល្អ ដែលជាភាពសប្បាយរីករាយដូចខ្លួនប៉ងប្រថ្នានោះ ដែរ ពោលគឺត្រូវញ៉ាំញីដោយរឿងរ៉ាវជាច្រើន ដូចខ្សែអំបោះជំពាក់មុខស្រាយមិនចេញ។
ក្រឡេកមកមើលអង្គភាពព័ត៌មាន Fresh News វិញ ក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនផងដែរ ក្នុងដំណើរការលើសមរភូមិព័ត៌មាន ទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្ត មូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លាមួយ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងសកលលោក។ ការរួមគ្នាជាកម្លាំងដ៏មុតស្រួច បានធ្វើឲ្យ Fresh News ក្លាយជាព័ត៌មានឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ តាមបច្ចេកវិទ្យាទំនើប បាញ់ បញ្ជូនទៅលើទូរស័ព្ទ Smart Phone និង នៅតាមកុំព្យូទ័រផងដែរ។
អង្គភាពព័ត៌មាន Fresh News បើទោះពីជាមានអាយុទើបជិត ២ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំង និងឈានមុខ មួយនៅកម្ពុជានេះ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាព ប្រាកដនិយមខ្ពស់បំផុត។ Fresh News នឹងបង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួនមួយចំនួនទៀតនៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៦នេះ។
ក្នុងនាមជាអ្នកប្រតិបត្តិ (CEO) នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបាន រួមគ្នាជាកម្លាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណី ហើយស្រេក ឃ្លានការងារដូចជាចំណីគ្រប់ពេលវេលា។
ខ្ញុំសង្ឃឹមថា បើទោះបីឆ្នាំថ្មីបានឈានមកដល់ តែទឹកចិត្តដ៏មុះមុតរបស់បុគ្គលិកទាំងអស់ និងមិនប្រែថ្មី នៅតែបន្តរក្សាប្រមូលគ្នាជាកម្លាំង ហើយកាន់តែខ្លាំងជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានមួយនៅកម្ពុជាឲ្យកាន់តែល្បាញល្បី។
ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលជាការបន្តក់នូវទឹកអម្រឹតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើង លើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០១៦ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូល តាមជួយអភិបាលប្រោស ព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និង មិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការនៅក្នុងជីវិត។ សូមឲ្យបានទទួលជោគជ័យគ្រប់ការ ងារ ភារកិច្ច និង របរអាជីវកម្ម៕
លឹម ជាវុត្ថា, នាយកប្រតិបត្តិ