(កណ្ដាល)៖ ក្រុមហ៊ុនជប៉ុនមួយដែលកំពុងវិនិយោគនៅខេត្តកណ្ដាល លើវិស័យកសិកម្ម បានឧបត្ថម្ភជីកំប៉ុសដល់សាខាកាកបាទក្រហមខេត្តកណ្ដាលចំនួនជាង ៥០តោន ដើម្បីចូលរួមជាចំណែក ជួយដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការធ្វើកសិកម្មដោយគ្មានជាតិគីមី ក្នុងគោលដៅមួយ នៃការផលិតកសិផលសរីរាង្គឲ្យផុសផុលឡើងៗ ខណៈអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ និងស្នើរឲ្យជប៉ុនបន្តកៀរគរវិនិយោគិនមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗ។
ពិធីប្រគល់ និងទទួលនេះប្រព្រឹត្តិទៅនៅសាខាកាកបាទក្រហមខេត្តកណ្ដាល នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមានរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផ្សេងទៀត។
លោក Dr. Nabeshima Katsuhito អគ្គនាយកក្រុមហ៊ុន Hayashida Japan Agriculture បានលើកឡើងថា ដោយសារកត្តាសន្តិភាព ស្ថេរភាព ព្រមទាំងសេដ្ឋកិច្ចកម្ពុជាកំពុងរីកចំរើន លូតលាស់ទៅមុខ ទើបក្រុមហ៊ុនរបស់លោក បានដាក់ចិត្តដាក់កាយវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសត្រង់ភូមិសាស្ត្រខេត្តកណ្ដាល ក្នុងគោលដៅលើកកម្ពស់ការរីកចំរើន លើវិស័យកសិកម្ម ពិសេសផ្ដោតសំខាន់លើបច្ចេកទេសដាំដុះដល់កសិករខ្មែរយើង ឲ្យយល់ពីតម្លៃ និងសារប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គលើដំណាំ ដើម្បីគុណភាពកសិផល ពិសេសធ្វើឲ្យដីគុណភាពដីនៅរក្សាបានដដែល។
ថ្លែងក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ បានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃដល់ក្រុមហ៊ុនជប៉ុន ដែលបានគិតគូរយកចិត្តទុកដាក់ដល់វិស័យកិសកម្មនៅកម្ពុជា ហើយទន្ទឹមនឹងការចូលរួម អភិវឌ្ឍន៍នេះ ខាងជប៉ុនក៏បានផ្ដល់ជីកំប៉ុសជាង ៥០តោន ដល់ពលរដ្ឋខ្មែរនៅថែមទៀតផង។
លោកអភិបាលបន្តថា ត្បិតជីទាំងនេះមិនអាចបង្រ្គប់តម្រូវការទូរទាំងខេត្តក្ដី ក៏នេះជាទឹកចិត្តសប្បុរសធម៌ដ៍ថ្លៃថ្លារបស់មិត្តជប៉ុនដែរ ដែលបានជួយមកដល់កសិករខ្មែរយើងឲ្យមានទទូល បានជីកំប៉ុសធម្មជាតិ មានគុណភាពខ្ពស់ ហើយមិនធ្វើឲ្យខូចគុណភាពដី។
លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានបន្តថា រដ្ឋបាលខេត្តនៅតែបន្តគាំទ្រដល់ក្រុមហ៊ុនវិនិយោគទាំងជាតិ និងបរទេស ដែលមានបំណងវិនិយោគនៅខេត្តកណ្ដាល ហើយរដ្ឋបាលខេត្ត នឹងជួយសម្របសម្រួល ផ្ដល់ភាពងាយស្រួលដល់ការបណ្ដាក់ទុនរកស៊ី ពិសេសលើកទឹកចិត្តនិងជួយជ្រោមជ្រែងដល់ការវិនិយោគ របស់វិនិយោគិនទាំងអស់ ឲ្យមានការរីកចំរើនទាំងអស់គ្នា។
លោកអភិបាលខេត្ត ក៏បានស្នើភាគីជប៉ុនបន្តជួយកៀរគរដល់បណ្ដាក្រុមហ៊ុនវិនិយោគជប៉ុនដទៃទៀត សូមមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថេរភាព សេដ្ឋកិច្ចកើនឡើង និងការរីចំរើនលើគ្រប់វិស័យ ខណៈដែលខេត្តកណ្ដាលមួយនេះ ក៍ស្វាគមន៍យ៉ាងពេញចិត្តពេញថ្លើមចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមានបំណងមកវិនិយោគនៅទឹកដីខេត្តកណ្ដាល ខណៈរដ្ឋបាលខេត្តបានសន្យថានឹងជួយគាំទ្រ និងជួយជ្រោមជ្រែងឲ្យ មានការរីកចំរើនទាំងអស់គ្នា៕