(ភ្នំពេញ)៖ បុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ដោយសារតែឆក់ខ្សែភ្លើង ដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប ហើយការស្លាប់នោះ មានរយៈពេល១យប់កន្លងមកហើយ ប៉ុន្តែដោយសារតែជនរងគ្រោះរូបនេះ នៅធ្វើការក្នុងផ្ទះនោះ ម្នាក់ឯងទើបភ្លាមៗគ្មានអ្នកដឹង។
សពបុរសខាងលើ ត្រូវបានគេប្រទះឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧៖៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡា គឹមសាន ហៅឡឺយ អាយុ៣១ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅផ្ទះលេខ767C ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកផ្ទះល្វែង ដែលកំពុងដំណើរការជួសជុលនោះ មានកម្ពស់៣ជាន់ និងមានម្ចាស់ឈ្មោះ ហេង សុខលី អាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃកោង ស្រុកកំណើត នៅខេត្តកណ្តាល។
បុរសម្នាក់ឈ្មោះ រិន វិឆ័យ អាយុ២២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅផ្ទះលេខ២៦ ផ្លូវលំភូមិព្នៅ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខណៈដែលរូបគាត់ រួមជាមួយជាងសំណង់ផ្សេងទៀត ឈប់សម្រាកនាំគ្នាទៅផ្ទះ គឺឃើញជនរងគ្រោះ បាននៅធ្វើការម្នាក់ឯង មិនទាន់ទៅផ្ទះនៅឡើយ ហើយក៏មិនបានដឹងគាត់មានរឿងអ្វី កើតឡើងឡើយ។
លុះដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែមីនា ខណៈដែលគាត់ទៅធ្វើការ ដល់ការដ្ឋានសំណង់ផ្ទះខាងលើ ហើយឡើងទៅលើជាន់ទី៣ បានប្រទះឃើញជនរងគ្រោះ ដេកអោបម៉ូទ័រក្រឡុក ថ្នាំលាបពិដាននៅទីនោះ។ ពេលនោះ គាត់ក៏ចូលទៅមើលទើបដឹងថា ជនរងគ្រោះត្រូវម៉ូទ័រឆក់ស្លាប់ ទើបគាត់ដកឌូយម៉ូទ័រចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយទទួលបានដំណឹងខាងលើនេះហើយ នគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង ព្រមទាំងរាយការបន្ត ទៅកាន់ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕