(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) បាននិមន្តព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដើម្បីនិមន្តសម្ដែងធម្មទេសនាអប់រំ ចំពោះសិស្សានុសិស្សលើប្រធានបទ «យុវជន និងសុខភាពផ្លូវចិត្ត» ដើម្បីក្រើនរំលឹកសិស្សានុសិស្ស ហ្វឹកហាត់ចិត្តរបស់ខ្លួនឱ្យមានសុខភាព សមត្ថភាព និងគុណធម៌ តាមរយៈការធ្វើសមាធិ និងការពង្រឹងសតិស្មារតី។
កម្មពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅសាលារៀនខូលីងវូដភ្នំពេញ ដោយមានការចូលរួម ពីសំណាក់សិស្សានុសិស្សថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ព្រមទាំងលោកគ្រូ អ្នកគ្រូយ៉ាងច្រើនផងដែរ។
នេះជាលើកទី២ ហើយដែលសាលារៀនខូលីងវូដភ្នំពេញ បាននិមន្តព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មកសម្តែងធម្មទេសនាអប់រំ ដល់សិស្សានុសិស្ស ដែលកំពុងតែសិក្សានៅក្នុងសាលារបស់ខ្លួន។
ការអប់រំបែប ព្រះពុទ្ធសាសនា របស់ព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានធ្វើ ឱ្យសិស្សានុសិស្ស ចេះរួបរួមសាមគ្គីគ្នាក្នុងសង្គម ដើម្បីកសាងសង្គម ឱ្យមានការរីកចម្រើន និងជឿនលឿន។ អប់រំឱ្យមនុស្សចេះរាប់អានគ្នា ស្រឡាញ់គ្នា យោគយល់អត់អោនអធ្យាស្រ័យឱ្យគ្នា។ អប់រំឱ្យមនុស្សហ៊ានលះបង់អំណាច ហើយមិនត្រូវយកអំណាចជិះជាន់អ្នកទន់ខ្សោយ ឬធ្វើទុក្ខបុកម្នេញ គាបសង្កត់ដល់អ្នកដទៃឡើយ។ ព្រះពុទ្ធសម្តែងថា អំណាចគ្រាន់តែមកជ្រកបណ្តោះអាសន្ននឹងបុគ្គលតែប៉ុណ្ណោះ លុះមនុស្សស្លាប់ទៅ មនុស្សមិនអាចយកអំណាច ទៅតាមខ្លួនបានឡើយ។
អប់រំឱ្យមនុស្សត្រូវប្រកាន់សច្ចៈធម៌ មិនភូតកុហក មិនបោកប្រាស់ មិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ និងអ្នកដទៃ ត្រូវប្រកាន់សុចរិតទៀងត្រង់ មិនលំអៀង មិនតឹងពេក មិនធូរពេក។ មនុស្សត្រូវចេះប្រុងប្រយ័ត្នស្មារតី គិតបានត្រឹមត្រូវ។ល។
សាលារៀនខូលីងវូដភ្នំពេញ បានផ្តល់ជូនសិស្សានុសិស្សនូវការសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត ដែលបង្រៀនដោយគ្រូខ្មែរដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ព្រមទាំងភាសាអង់គ្លេសច្បាស់លាស់ជាមួយគ្រូបរទេសដែលមានគរុកោសល្យ ទេពកោសល្យ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់៕