(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និង នាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅឧបត្ថម្ភកងកម្លាំងទិសទី១ យោធភូមិភាគទី៥ និងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆត្រ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាថ្ងៃខាងមុខ។
ពិធីសំណេះសំណាល និងប្រគល់អំណោយ បានធ្វើឡើងនៅមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆត្រ ស្ថិតនៅភូមិចំការគរ ឃុំនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការអមដំណើរពី នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងមន្ត្រីអាជ្ញាធរដែនដី អស់លោកជាមន្រ្តីកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសច្ចៈធម៌ប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការលះបង់ក្រុមគ្រួសារប្រពន្ធ កូន ចេញទៅតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់រលាស់ខ្លួនចេញផុតពីភ្នក់ភ្លើងសង្រ្គាមស៊ីវិលជាង២ទសវត្ស ហើយបានវិលត្រឡប់មកដល់ដំណាក់កាលថ្មី នៃប្រវត្តិសាស្រ្ត គឺសន្តិភាព និង ការអភិវឌ្ឍប្រកបដោយការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។
នាយឧត្ដមសេនីយ៍ បន្តថា មកដល់បច្ចុប្បន្ននេះក្នុងស្ថានភាពដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានបន្តយកចិត្តទុកដាក់ ចិញ្ចឹមបីបាច់ថែរក្សាកងទ័ព ក៏ដូចជាយោធិនពិការ តាមរយៈការតម្លើងប្រាក់បៀវត្សរ៍ ការឧបត្ថម្ភលើគោលរបប សំដៅគិតគូរដោះស្រាយដល់ជីវភាពរស់នៅបានល្អប្រសើរ។
តាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ មានសន្តិភាព គឺមានអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាព ប្រទេសជាតិមានសង្គ្រាម មានអស្ថិរភាព នោះយើងនឹងបាត់បង់ឱកាសធ្វើអ្វីទាំងអស់ គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឡើយ ខណៈសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ។ ដូច្នេះយើងត្រូវ អរគុណសន្តិភាពដោយសារនយោបាយឈ្នះឈ្នះ ទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព ដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន។
នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លំាងទាំងអស់ ត្រូវគោរពបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវតួនាទីភារកិច្ចការពារបូរណភាពទឹកដី និងចូលរួមចំណែកឲ្យសកម្មកិច្ចសហការ ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា៕
ឧត្ដមសេនីយ៍ទោ អ៊ុត សំអាត នាយកមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆត្រ តំណាងឲ្យកងកម្លាំងទិសទី១ យោធភូមិភាគទី៥ យោធិនពិការ ៣១៧ តេជោភ្នំឆត្រ បានសម្តែងនូវទឹកចិត្តសោមន្សរីករាយជាអនេក ចំពោះការគិតគូរជួយឧបត្តរបស់សម្តេចអគ្គតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសនេះ និងបានគោរពថ្លែងអំណរគុណ និងគាំទ្រការដឹកនាំរបស់សម្តេចជារៀងរហូត ៕