(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតគាំទ្រ ចំពោះសេចក្តីអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្នើដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ នូវសំណើមួយចំនួន ពាក់ព័ន្ធនឹងការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយ សម្រាប់ការលក់លំនៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ ដោយសារការព្យួរការងារ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបញ្ជាក់ថា ក្នុងស្មារតីនៃកិច្ចសហការល្អជាមួយ ក្រសួងសេដ្ឋកិច្ច ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាន ដែលបានកើតឡើងដោយសារ ការរីករាលដាលនៃមេរោគ Covid-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេសកម្មករ និយោជិតមួយចំនួន បានបាត់បង់ចំណូល ហើយនាំឲ្យមានការប៉ះពាល់ ដល់ការបង់ថ្លៃទិញលំនៅឋាន សមាគមសូមចូលរួមចំណែកដូចជា៖
១៖ លើកទឹកចិត្តទូទៅទាំងអស់ ដោយបញ្ចុះតម្លៃលំនៅឋានពិសេសរហូតដល់៧% ទៅតាមគម្រោងនីមួយៗ របស់ក្រុមហ៊ុនដែលជាសមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
២៖ លើកទឹកចិត្តដល់អតិថិជនទូទៅដែលទិញផ្ទះចាប់ពីខែមីនា ឆ្នាំ២០២០តទៅ ដោយធ្វើការបង់ផ្តាច់ទាំងស្រុងជាមួយ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អាចនឹងបញ្ចុះតម្លៃលំនៅឋានពិសេសជូនរហូតដល់ ៧ភាគរយបន្ថែមទៀត ទៅតាមគម្រោងនីមួយៗ។
៣៖ ក្រុមហ៊ុនជាសមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងផ្តល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌ នៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មក និយោជិត ដែលទទួលរងផលប៉ះពាល់ បាត់បង់ចំណូឡនៅក្នុងរយៈពេលនៃវិបត្តិនេះ។
សមាគមបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់សមាគម នឹងដាក់ចេញនូវវិធានការបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕