(រតនគិរី)៖ លោក ងិន ពេជ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីជំនួសលោក ជា ពេជ្រ ដែលត្រូវផ្ទេរទៅបម្រើការងារ នៅក្រសួងយុត្តិធ៌ម។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។
បន្ទាប់ពីពិធីប្រគល់ត្រានិងការប្តេជ្ញាចិត្តរបស់លោក ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីរួចមកលោក ថង សាវុន បានថ្លែងការកោតសរសើរចំពោះលោក ងិន ពេជ កន្លងមកជាព្រះរាជអាជ្ញាស្តីទី បានខិតខិតខំបំពេញការងារយ៉ាងល្អក្នុងមុខតំណែង។
លោកថ្លែងថា ការប្រកាសតែងតាំងមុខតំណែងថ្ងៃនេះ ងាយស្រួលលោកបំពេញតួនាទីបន្ថែមទៀត ដោយចូលរួមសហការយ៉ាងល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្តល់នូវសេវាយុត្តិធ៌មជូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តរតនគិរី។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅមានសំណុំរឿងកកស្ទះ តម្រូវឲ្យលោកព្រះរាជអាជ្ញាបន្តធ្វើកិច្ចការនេះបន្តទៀត។
លោក អង្គ វង្គវឌ្ឍានា បានសម្តែងនូវការកោតសរសើរចំពោះលោក ងិន ពេជ ដែលកន្លងមកបានខិតខំធ្វើការសម្រេចបាននូវសមិទ្ធផលជាច្រើន និងទទួលខុសត្រូវខ្ពស់ក្នុងនាមថ្នាក់ដឹកនាំមិនថា កិច្ចការផ្ទៃក្នុង ឬសេវាជូនប្រជាពលរដ្ឋឡើយ។ ជាមួយគ្នានេះដែរ ក្រសួងយុត្តិធ៌មតែងតែឆ្លើយតបជាបន្តបន្ទាប់នូវតម្រូវការរបស់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងក្នុងការ ដោះស្រាយបញ្ហានានា និងដើម្បីបម្រើសេវាយុត្តិធ៌មប្រកបដោយតម្លាភាព សមភាព និងយុត្តិធ៌ម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ប្រទេសយើងមានសន្តិភាពបានមកពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបាននាំមកនូវសុខសន្តិភាពយ៉ាងពេញលេញ ទូទាំងប្រទេស មានការអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវភាពធូរធាប្រកបដោយភាពថ្លៃថ្នូរ។ យើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងសូមអរគុណសម្តេចនាយករដ្ឋមន្ត្រី»៕