(កំពត)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបំពាក់ឋានន្ដរស័ក្ដិ តែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពត ចំនួន២៧នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានប្រគល់លិខិតសរសើរ ជូនមន្ដ្រីនគរបាល ចំនួន៤១១នាក់ទៀត ដែលបានចូលរួមកិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ នៅក្រុងកែប ខេត្តកែប កាលពីអំឡុងខែមករា ឆ្នាំ២០២០កន្លងទៅផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្ដល់កិត្តិយសដល់នគរបាលខេត្តកំពត ពិសេសនគរបាលដែលត្រូវបំពាក់ឋានន្ដរស័ក្ដិ តែងតាំងមុខតំណែង និងទទួលលិខិតសរសើរ ក្នុងឱកាសនោះផងដែរ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានកោតសរសើរដល់មន្ដ្រីនគរបាលនៅខេត្តកំពត ដែលបំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋ បានយ៉ាងល្អនាពេលកន្លងទៅ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានក្រើនរំលឹក និងណែនាំដល់មន្ដ្រីនគរបាលទាំងអស់នៅខេត្តកំពត ត្រូវតែបង្កើនស្មារតីបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕