(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានរៀបចំពិធីផ្សព្វផ្សាយអំពីវិធានការណ៍ការពារ ទប់ស្កាត់ជំងឺរលាកសួត COVID-19 និងធ្វើការចែកក្រមាជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ក្រោមអធិបតីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
ពិធីនេះបានរៀបចំឡើង បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលសម្ដេចតេជោបានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមាជំនួសឱ្យ ម៉ាស់ ដើម្បីការពារមាត់ និងច្រមុះ។
ក្នុងពិធីនេះដែរមន្រ្តីចំនួន ៣៥០នាក់ ត្រូវបានលោកអគ្គនាយកផ្តល់ក្រមាជូនដែលក្នុងម្នាក់ៗ ទទួលបានក្រមាចំនួន២ សម្រាប់យកមកប្រើប្រាស់។ នេះក៏ជាយុទ្ធនាការ ដើម្បីជំរុញការប្រើប្រាស់ ផលិតផលក្នុងស្រុក ពោលគឺអនុញ្ញាតឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺរលាកសួត COVID-19 និងកាត់បន្ថយការឡើងថ្លៃ នៃ ម៉ាស់ នាពេលបច្ចុប្បន្នផងដែរ។
ថ្លែងនៅចំពោះប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាប្រើក្រមា ជំនួសម៉ាស់ ដើម្បីបង្ការជំងឺ Covid-19 ស្របពេលម៉ាស់កំពុងតែឡើងថ្លៃ ហើយការនាំគ្នាមកប្រើប្រាស់ក្រមាខ្មែរជំនួសម៉ាស់នេះ ជាការចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញដាក់ ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយថ្ងៃនេះ មិចបានលោក ហ៊ុន សែន បង់កក្រមា នេះជាប្រភេទក្រវាត់កថ្មី ជំនាន់ កូរ៉ូណា អញ្ចេះកុំឱ្យអាអ្នកលក់ម៉ាស់វាតម្លើងថ្លៃនាំគ្នាប្រើប្រមាទៅវាស្រួល ស្អែកខ្ញុំទៅចែកសញ្ញាបត្រ ឱ្យនិស្សិត ក៏បង់កក្រមាទៅទៀត មើលវាទាស់ខុសអី ក្រមានេះវាស្រួលកុំឱ្យពាក់អាម៉ាស់នេះ គេប្រើតែ៣ម៉ោង ត្រូវតែបោះចោលហើយ អញ្ចឹងយើងម្នាក់ៗ ត្រូវតែស្ពាយម៉ាស់ពេញទាំងខ្លួន អញ្ចឹងយើងដាក់ក្រមាតាមទៅ»៕