(ភ្នំពេញ)៖ ប្រតិបត្តិការថ្ងៃដំបូង សមត្ថកិច្ចត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅទូទាំងរាជធានីភ្នំពេញ បានជាង១,០០០នាក់ ក្នុងរកឃើញមានជាតិស្រវឹងមានចំនួន ៩៦នាក់។ នេះបើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកដែលមានជាតិស្រវឹង ទាំង៩៦នាក់នោះ មាន៤៩នាក់ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ដែលមានជាតិស្រវឹងចាប់ពី០.៤០ឡើង (អ្នកបើកបររថយន្ដ១២នាក់ និងអ្នកបើកបរម៉ូតូ៣៧នាក់) និង៤៧នាក់ បានធ្វើការអប់រំនៅនឹងកន្លែង ដែលមានជាតិស្រវឹងក្រោម០.២៥ (អ្នកបើកបររថយន្ដ៣១នាក់ និងអ្នកបើកបរម៉ូតូ១៦នាក់)។
គួរជម្រាបថា ប្រតិបត្តិការត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការយប់មិញ ធ្វើនៅខណ្ឌ៧មករា, សែនសុខ, ដូនពេញ, ដង្កោ, ចំការមន, ជ្រោយចង្វា និងខណ្ឌកំបូល។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានការព្រួយបារម្ភខ្លាំង ព្រោះថាអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់។ នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង ៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងប្រមាណ ៥ភាគរយ។
យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។
ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕