(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងថា គ្រូពេទ្យជនជាតិខ្មែរម្នាក់ ដែលបម្រើការងារនៅមន្ទីរពេទ្យមួយក្នុងក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានទុកដាច់ដោយឡែកពីគេ បន្ទាប់ពីគ្រូពេទ្យម្នាក់នេះ ធ្លាប់បានចូលរួមព្យាបាលអ្នកមាន COVID-19។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ក្រសួងសុខាភិបាល បានបញ្ជាក់នៅលើ Facebook នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះថា «មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ។ តាមព័ត៌មានដែលទទួលបានគឺ «He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN»។ បកប្រែជាខ្មែរថា គាត់ជាវេជ្ជបណ្ឌិតខ្មែរបម្រើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថា មានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ»។
លោកវេបណ្ឌិត លី សុវណ្ណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមថា គ្រូពេទ្យជនជាតិខ្មែរខាងលើ បានបម្រើការងារនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមយូរហើយ តែមិនដឹងអំពីព័ត៌មានលម្អិត នៃស្ថានភាពគ្រួសាររបស់គាត់នោះឡើយ។
សូមបញ្ជាក់ថា អាជ្ញាធរវៀតណាមបានព្រមានកាលពីម្សិលមិញថា នរណាក៏ដោយដែលហ៊ានលាក់បាំង អំពីការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះនឹងត្រូវប្រឈមមុខចំពោះច្បាប់ ខណៈទីក្រុងហាណូយបានជ្រួលច្របល់ ដោយសារតែប្រជាជនធ្វើការសម្រុកទិញទំនិញនៅតាមហាង និងទីផ្សារនានា ក្រោយពីបានលឺដំណឹងថា មនុស្ស ១៣នាក់បន្ថែមទៀតត្រូវបានធ្វើតេស្ត រកឃើញមានផ្ទុកវីរុស COVID-19 នៅលើជើងហោះហើរ ដែលបានចុះចតនៅរដ្ឋធានីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាយប់ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
ការរកឃើញករណីឆ្លងថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅវៀតណាម កើនឡើងដល់ ៣០ករណី។ អ្វីដែលគួរឲ្យកត់សម្គាល់ គ្រាន់តែបានឃើញសកម្មភាពបិទមន្ទីរពេទ្យ សណ្ឋាគារ និងលំនៅឋានមួយចំនួននោះ ប្រជាជននៅក្នុងទីក្រុងហាណូយមានការតក់ស្លុត និងសម្រុកទិញទំនិញពីហាង ព្រមទាំងទីផ្សារដោយសារតែខ្លាចការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះកាន់តែខ្លាំង។ ជុំវិញករណីនេះមានការចោទប្រកាន់ថា ព័ត៌មានអំពីការឆ្លងវីរុសថ្មី ត្រូវបានលាក់បាំង៕