(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតផ្លូវការមួយជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសារលិខិតរបស់ខ្លួន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានទទួល យកការអញ្ជើញរបស់លោក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាសវេហ្គាស រដ្ឋនេវ់ាដា សហរដ្ឋអាមេរិក។ លោកបានទន្ទឹងរង់ចាំ ឱកាសនេះ ដើម្បីជួយជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន-អាមេរិក។អាស៊ានគឺជាស្នូល នៃទស្សនៈវិស័យរបស់លោក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងសេរី ហើយប្រជាជនអាស៊ាននិងសហរដ្ឋអាមេរិកប្រមាណ ១ពាន់លាននាក់ ត្រូវបានផ្សារភ្ជាប់គ្នា ដោយទំនាក់ទំនងសេដ្ឋកិច្ច និងមានតម្លៃរួម។
លោក ដូណាល់ ត្រាំ បានបញ្ជាក់បន្តថា «ជាអកុសលយើងត្រូវតែពន្យារពេល កិច្ចប្រជុំកំពូលនេះ ដោយមើលឃើញពីហានិភ័យជាសកល ដែលបង្កឡើងដោយការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចឯកភាពដោយផ្ដោតការយកចិត្តទុកដាក់របស់យើងនៅពេលនេះ នូវការសម្របសម្រួលការឆ្លើយតបជាសកល ដែលការពារ និងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង»។
លោករៀបរាប់ទៀតថា នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាថ្មីនេះ លោកមានមោទនភាពចំពោះភាពជាដៃគូរបស់ប្រជាជាតិអាស៊ាន-អាមេរិក លើបញ្ហាជាច្រើនរួមទាំងបញ្ហាសុខភាពសាធារណៈ។ ក្រសួងសុខាភិបាល និងសេវាកម្មបម្រើមនុស្សរបស់សហរ្ឋអាមេរិក បានទាក់ទងជាមួយរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីចាប់ផ្ដើមការសន្ទនា ស្ដីពីយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណាមួយនេះ។ យើងមានអ្នកជំនាញការជាច្រើន ដើម្បីត្រៀមជួយ និងបន្តផ្តល់ជំនួយឧបត្ថម្ភ។មជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យ និងការពារជំងឺ របស់សហរដ្ឋអាមេរិក មានវត្តមានយ៉ាងសំខាន់ និងមានប្រវត្តិជាច្រើនឆ្នាំនៅក្នុងបណ្ដាលប្រទេសអាស៊ាន។ នៅខណៈពេលដែលយើងបន្តធ្វើការងារដោយមិនចេះនឿយហត់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងនិងបង្ហាញថែមទៀតនូវកម្លាំងនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើង។
លោកបញ្ជាក់ទៀតថា ទោះបីជាយើងត្រូវពន្យារពេលកិច្ចប្រជុំកំពូលពិសេសនេះក៏ក្រុមការងាររបស់យើងបានរៀបចំនូវគំនិតផ្ដើមជាច្រើនដើម្បីបង្ហាញពីទំនាក់ទំនងរវាងប្រទេសរបស់យើង។ យើងនឹងនៅតែដាក់ឱ្យដំណើរការនូវកម្មវិធីជាច្រើននៃកម្មវិធីធំៗទាំងនេះហើយយើងនឹងបន្តស្វែងរកកាលានុវត្តភាពដើម្បីអនុវត្តគម្រោងកាំវិធីទាំងអស់នោះនៅក្នុងខែខាងមុខ។
លោកប្រធានាធិបតីមានជំនឿថា ថ្នាក់ដឹកនាំអាស៊ាន នឹងអាចកោះប្រជុំកិច្ចប្រជុំកម្ពស់ពិសេសនេះ ឡើងវិញនៅពេលអនាគត ដ៏ខ្លីខាងមុខនេះទេ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
ទោះបីជាមានការវិភាគផ្សេងៗគ្នា ចំពោះការពន្យារពេលរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងខែមីនានេះក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែជឿជាក់ថា មូលហេតុចម្បងនៃការពន្យារពេលនេះ គឺដោយសារតែការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងសហរដ្ឋអាមេរិក តែម្តង៕
ខាងក្រោមនេះជាសារលិខិតរបស់លោកប្រធានាធិបតីអាមេរិក៖