(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីត លើម្ហូបអាហារមួយចំនួន នៅផ្សារសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ជាលទ្ធផលមានគុណភាពល្អមានគុណភាពល្អ មិនមានទំនិញណាខូចគុណភាពនោះទេ។
លោក មាស មោរ៉ា បានឲ្យដឹងថា មន្ត្រីកាំកុងត្រូល បានចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើគំរូផលិតផលគ្រឿងសមុទ្រគ្រប់ប្រភេទ គំរូផលិតផលសរសៃគុយទាវ និងសរសៃមីលឿង ព្រមទាំងផលិតផលត្រីប្រឡាក់មួយចំនួនទៀត ដើម្បីស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ហ្វ័រ ម៉ាលីន និងបូរ៉ាក់ (ទឹកអន្សារ) នៅក្នុងផលិតផល ទាំងនោះ។ ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបន្ថែមថា ទន្ទឹមនោះមន្ត្រីជំនាញបានយកគំរូផលិតផលទំនិញរួមមាន៖ ការ៉ុត ត្រប់ស្រួយ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ឆៃថាវ និងប៉េងប៉ោះ ដើម្បីវិភាគរកវត្តមានសំណល់ថ្នាំពុលកសិកម្មនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល។ ក្រៅពីនោះមន្ត្រីជំនាញបានបិទផ្ទាំងរូបភាព ស្តីពីការជ្រើសរើសម្ហូបអាហារសំរាប់បរិភោគ ហើយពន្យល់ និងណែនាំអាជីវករ ពីរបៀបមើល និងជ្រើសរើសទំនិញមានគុណភាព និងសុវតិ្ថភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ៕