(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកបំភ្លឺជូនសាធារណជន អំពីករណីមានបុរសម្នាក់ជិះម៉ូតូដួលសន្លប់ នៅជិតរង្វង់មូលនាងគង្ហីង វេលាម៉ោង៧៖៥៨នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងភូមិ៩ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករានោះ មិនមែនជាករណីបង្កឡើងដោយវីរុស COVID-19 ដូចការផ្សាយបំភ្លៃការពិត គ្មានមូលដ្ឋានច្បាស់លាស់នៅលើបណ្តាញសង្គម។
រដ្ឋបាលខណ្ឌបានបញ្ជាក់ទៀតថា ការពិតបុរសដែលដួលសន្លប់នោះឈ្មោះ ព្រំ ផានិត ជាបុគ្គលិកផ្សារអូរឬស្សី ដែលជាទម្លាប់រាល់ពេលចប់ ម៉ោងការងារគាត់តែងតែផឹកស្រា តែថ្ងៃកើតហេតុគាត់បានផឹកច្រើនបន្តិច ហើយជួបគ្រោះថ្នាក់ដួលសន្លប់ ប៉ុន្តែបន្តិចក្រោយមកនគរបាលប៉ុស្តិ៍អូរឬស្សីទី២ ដែលឈរជើងនៅទីនោះ បានជួយធ្វើចលនាដឹងខ្លួនវិញ រួចហៅប្រពន្ធយកទៅផ្ទះធម្មតា។
រដ្ឋបាលខណ្ឌ៧មករា សូមបដិសេធទាំងស្រុងចំពោះ Facebook Page ឈ្មោះ News Fast ដែលបានចុះផ្សាយមិនពិត មានចរិតបំពុលសង្គម និងបង្កចលាចលសង្គម និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចេញផ្សាយមិនពិត របស់បណ្តាញសារព័ត៌មានមួយនេះ៕