(ភ្នំពេញ)៖ ប្រឈមមុខនឹងការរាតត្បាតនៃមហន្តរាយវីរ៉ុសកូវីដ ១៩ ដែលកំពុងតែវាយលុកពិភពលោកបច្ចុប្បន្ន រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវកញ្ចប់វិធានការលើផ្នែកសុខុមាលភាព សាធារណៈនិងសេដ្ឋកិច្ច សង្គមដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយវីរ៉ុសជំងឺកូវីដ ១៩។ ការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសជំងឺកូវីដ ១៩ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នទាំងរដ្ឋនិងឯកជន ព្រមទាំងពលរដ្ឋម្នាក់ៗត្រូវចាត់ទុកថាជាការងារអាទិភាពទី១ និងចាំបាច់បំផុត។
វិធានការដែលបានត្រៀមរៀបចំមុនពេលដែលបុរសជនជាតិខ្មែរម្នាក់ ត្រូវបានរកឃើញថាបានឆ្លងវីរ៉ុសកូវីដ ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ដែលធ្វើការនៅកន្លែងជាមួយគ្នាក្នុងទីរួមខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០។ អ្នកជំងឺដែលត្រូវបានថែរក្សាព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ហើយបើតាមក្រុមគ្រូពេទ្យស្ថានភាពសុខភាពរបស់គាត់មិន មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ ជាមួយគ្នានេះក្រុមគ្រួសារ ៣នាក់ផ្សេងទៀតរបស់គាត់រួមនឹងអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺជនជាតិខ្មែរ និងជប៉ុនសរុបជិត៣០នាក់ ត្រូវបានធ្វើតេស្តស្វែងរករោគសញ្ញាដោយវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែនៅល្ងាចថ្ងៃទី៨ និងទី៩ ខែមីនានេះបានបង្ហាញថាមានភាពអវិជ្ជមានមិនមានការឆ្លងវីរ៉ុសកូវីដ ១៩ ឡើយ។
ទោះជាស្ថានភាពនៃការរាតត្បាតនៃវីរ៉ុសនេះលឿនរហ័ស និងមានភាពគួរឱ្យព្រួយបារម្ភជាពិសេសសម្រាប់មនុស្សវ័យចំណាស់ដែលមានភាពស៊ាំនៃសព៌ាង្គកាយខ្សោយ ប៉ុន្តែភាព ភ័យខ្លាចរបស់មនុស្សចំពោះវីរ៉ុសកូវីដ១៩ នេះមានសភាពធ្ងន់ធ្ងរខ្លាំងជាងលើសពីហានិភ័យពិតរបស់វា។ ដោយសារ តែភាពភ័យខ្លាចជ្រុលនេះបានធ្វើឱ្យបុគ្គលមួយចំនួនបាត់ម្ចាស់ការ ភ័យស្លន់ស្លោរ និងងាយនឹងជឿតាមការបំពុលព័ត៌មានរបស់ក្រុមជនអគតិមួយចំនួន ដែលបានឆ្លៀតប្រើប្រាស់ការភ័យខ្លាចជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋមួយចំនួនទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការលក់ម៉ាស់ការពារ ទឹកអាកុលលាងដៃក្នុងតម្លៃថ្លៃ ការបំផុសបំផុល បំភិតបំភ័យពលរដ្ឋឱ្យទិញអង្ករ ត្រីសាច់ និងរបស់ឧបភោគដើម្បីរក្សាស្តុកទុកជាដើម។
ឈ្មួញមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញខុសពីធម្មតាដែលនៅព្រឹកថ្ងៃទី៩ ខែមីនា នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការលក់ដំឡើងតម្លៃ។ ចំណែកឯក្រុមជនអគតិមួយចំនួនដែលមានចរិតបំផ្លាញជាតិ បង្កចលាចលខិតខំបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិតដោយគ្មានសីលធម៌ គ្មានគុណធម៌។ ថាវីរ៉ុសកូវីដទៅដែលមានភាពសាហាវបង្កើតការភ័យខ្លាច ប៉ុន្តែក្រុមជនបំពុលព័ត៌មានអំពីកូវីដ ១៩ ពិតជាគួរឱ្យខ្លាចនិងស្អប់ខ្ពើមរាប់លានដង ហើយជនរបៀបនេះគឺជា«ជនមេរោគចង្រៃជាតិ» ដែលមិនគួរឱ្យរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។ សារព័ត៌មានឬអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ត្រូវមានការយល់ដឹងនិងគោរពក្រមសីលធម៌វិជ្ជាជីវៈជាពិសេសភាពឯកជននិងការសម្ងាត់នៃអ្នកជំងឺ មិនត្រូវប៉ុស្តិ៍ ឬចែកចាយរូបថតនិងអត្តសញ្ញាណអ្នកជំងឺឡើយ។
ការផ្សព្វផ្សាយពីអត្តសញ្ញាណអ្នកជំងឺជាសាធារណៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គលទេ ថែមទាំងធ្វើឱ្យអ្នកជំងឺ និងក្រុមគ្រួសារពួកគេរងគ្រោះផ្លូវចិត្តនិងការរើសអើងផងដែរ។
ចាប់តាំងពីការផ្ទុះឡើងនៃការរាតត្បាតចម្លងវីរ៉ុសកូវីដ ១៩ នេះដែលចាប់ផ្តើមចេញពីទីក្រុងវូហាន ប្រទេសចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដើរតួនាទីសំខាន់ក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិទាំងការ លើកទឹកចិត្តនិងការសហការជាលក្ខណៈអន្តរជាតិដើម្បី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺសម័យថ្មីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ រហូតមកដល់ពេលនេះ និងរហូតទៅដល់ការបញ្ចប់នៃជំងឺកូវីដ ១៩ នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺ ប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃកូវីដ ១៩ ដែលនេះគឺជា ការងារដែលយើងត្រូវធ្វើទាំងអស់គ្នា»។
សម្តេចបានបន្តថា កម្ពុជាត្រូវតែរៀបចំផែនការនិងវិធានការនានាដែលត្រូវ ប្រកាន់យកក្នុងករណីកូវីដ១៩ បានឆ្លងមកដល់កម្ពុជា និង បានឆ្លងរាលដាលពីពលរដ្ឋម្នាក់ទៅពលរដ្ឋម្នាក់ដែលមានល្បឿនលឿន និងទ្រង់ទ្រាយធំ។ រដ្ឋបានត្រៀមថវិកា សម្រាប់ជួយពលរដ្ឋក្នុងករណីចាំបាច់នៃការឆ្លងរាលដាល កូវីដ ១៩ តាមរយៈការសម្រេចកាត់បន្ថយការចំណាយរបស់ ក្រសួងស្ថាប័នទាំងអស់ចំនួន ៥០ភាគរយ លើកលែងតែ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែល តរូវកាត់បន្ថយ ២៥ ភាគរយ ដើម្បី សន្សំ ប្រាក់ ទាំងនោះ។ ការចំណាយរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ត្រូវកាត់បន្ថយដែរ ដើម្បីសន្សំប្រាក់ទាំងនោះទុកសម្រាប់ បង្វែរការចំណាយចាំបាច់ទៅលើវិស័យសុខាភិបាល។
ជាវិធានការជាក់ស្តែង ក្រោយពីបរុស ម្នាក់នៅខេត្តសៀមរាបត្រូវបានរកឃើញថាមានភាពវិជ្ជមាន ចំពោះវីរ៉ុសកូវីដ ១៩ វិធានការបន្ទាន់គឺសម្តេចតេជោ ហ៊ុនសែន បានបញ្ជាឱ្យក្រសួងអប់រំបិទសាលារៀនទាំងអស់ក្នុងក្រុងសៀមរាបជាបណ្តោះអាសន្នដើម្បីជៀសវាងកុំឱ្យមាន ការឆ្លងវីរ៉ុសកូវីដ ១៩ ជាយថាហេតុ រហូតដល់មានការជូន ដំណឹងជាថ្មី។ គម្រោងរៀបចំប្រារព្ធសង្ក្រាន្តសៀមរាបក៏ត្រូវ បានប្រមុខរាជរដ្ឋាភិបាលបញ្ជាឱ្យលុបចោលផងដែរ។ នៅថ្ងៃទី៩ ខែមីនា នេះ សាលារៀនទាំងរដ្ឋនិងឯកជនសរុបចំនួ ១១០ រាប់តាំងពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យា ល័យនិងសាលាបណ្តុះវិជ្ជាជីវៈត្រូវបានបិទបណ្តោះអាសន្ន។ នេះគឺជាវិធានការដើម្បីបង្ការការរីករាលដាលនៃការឆ្លងជំងឺ កូវីត។
តើប្រជាពលរដ្ឋអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ?
ទី១៖ បញ្ឈប់ការភ័យខ្លាចហួសហេតុដែលនាំឱ្យមានការបង្ក ចលាចល ធ្វើឱ្យសង្គមមានការជ្រួលច្របល់ និងផ្តល់ឱកាសដល់ជនអគតិឆ្លៀតធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា។ ក្រុម ប្រឆាំងរត់ចោលស្រុកបានខិតខំបំភ្លៃព័ត៌មានជុំវិញវីរ៉ុសកូវីដ ១៩ ដើម្បីញុះញង់ និងបង្អើលប្រជាពលរដ្ឋឱ្យភ័យស្លន់ស្លោរ បាត់ម្ចាស់ការ ហើយនឹងអាលពួកគេបង្កើតកលយុគផ្សេងៗ។
ទី២៖ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ហើយមុន នឹង ចែករំលែកបន្ត គួរពិនិត្យមើលប្រភពព័ត៌មានឱ្យច្បាស់លាស់ ហើយនេះក៏ជាការចូលរួមអនុវត្តវិធានការរាជ រដ្ឋាភិបាលលើ ការគ្រប់គ្រងជំងឺកូវីដ។ ការសម្លាប់ព័ត៌មានក្លែងក្លាយដោយ ដាក់ការពិតឱ្យបានឆាប់រហ័ស ក៏ជាផ្នែកមួយនៃការលុបបំបាត់ភាពភ័យខ្លាចដែលកើតចេញពីព័ត៌មានក្លែងក្លាយ។
ទី៣៖ ពលរដ្ឋជាអាជីករលក់ដូររបស់របរប្រើប្រាស់ដូចជាម៉ាស់ ទឹកអាកុលលាងដៃ ឬគ្រឿងឧបភោគបរិភោគត្រូវប្រកាន់ក្រមសីលធម៌ខ្ពស់ និងមានគុណធម៌ដោយមិនត្រូវឆ្លៀតយកចំណេញផលប្រយោជន៍ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋជុំវិញការចម្លងជំងឺកូវីត ១៩ឡើយ។ ការធ្វើមានធ្វើបាន ពីលើការភ័យខ្លាចរបស់ពលរដ្ឋគឺជាទង្វើខ្វះគុណធម៌។
ទី៤៖ ដើម្បីបង្ការពីការឆ្លងជំងឺកូវីត ១៩នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តការសម្អាតអនាម័យដោយសម្អាតផ្ទះសម្បែង ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាកុល និងជែលផ្សេងៗ។ ប្រើម៉ាស់ ឬក្រម៉ាការងារនៅកន្លែងចាំបាច់មួយចំនួន ហើយក្នុងករណីមានការសង្ស័យក្រោយពីមានរោគសញ្ញាសង្ស័យមួយចំនួន គួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកដើម្បីធ្វើតេស្តមើលជំងឺកូវីត ១៩។
ទី៥៖ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជាពិសេសអយ្យការអមតុលាការរាជធានីខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាត់វិធានការផ្លូវច្បាប់ដ៏តឹងរឹងចំពោះជនទាំងឡាយណាដែលបំពុលព័ត៌មាន ផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីដ ១៩។ ប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃជាដើមក៏បានចាត់វិធានការចំពោះអ្នកបំភកលៃព័ត៌មានអំពីជំងឺកូវីដដែរ។
ទី៦៖ ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ រួមសាមគ្គីជាធ្លុងមួយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ប្រឆាំងដាច់ខាតក៏បំពុលសង្គម និងការបំភិតបំភ័យដោយក្រុមជនទុច្ចរិត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០