(កំពត)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យអ្នកវិនិយោគលើសំណង់លំនៅដ្ឋានទាំងជាតិ និងអន្តរជាតិជួយចូលរួមចំណែកបោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដែលអាចទៅរួច ដើម្បីកែប្រែតំបន់ទេសចរណ៍នេះទៅជាតំបន់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត នៅចុងសប្តាហ៍កន្លងទៅនេះ។
លោកបានលើកឡើងថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍ មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។
លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ លោលក៏បានស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។
លោក ជាវ តាវ អភិបាលខេត្តកំពតឡើកឡើងថា រដ្ឋបាលខេត្តកំពតសាទរយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគអភិវឌ្ឍលំនៅដ្ឋានលើកំពូលភ្នំបូកគោ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនសុខាអូតែលក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងអភិវឌ្ឍលំដ្ឋាននេះមិនតែប្រែក្លាយតំបន់ទេសចរណ៍មួយនេះក្លាយជាទីប្រជុំជនដែលមានប្រជាជនរស់នៅមូលមីនោះទេ វាថែមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍកំណើតសេដ្ឋកិច្ច កាត់បន្ថយអាត្រាភាពក្រីក្រនៅកម្ពុជាតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊នសុខាអូតែល បញ្ជាក់ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោ គឺមាន៤ទីតាំង ទីតាំងទី១-បុរីមរតឋានសួគ៌ភូមិគ្រឹះបេតុងកម្ពស់២ជាន់ មានចំនួន១៣៩១ខ្នង លើផ្ទៃដីទំហំ១៦ម៉ែត្រ គុណនឹង២២ម៉ែត្រ។ ទីតាំងទី២-បុរីអម្រឹតឋានសួគ៌ ផ្ទះល្វែងកម្ពស់៣ជាន់ មាន៤២៤០ល្វែង មានផ្ទៃដីទំហំ៥ម៉ែត្រ គុណនឹង២១ម៉ែត្រ ក្នុងនោះមានផ្សារ មន្ទីរពេទ្យនិង សាលារៀន។ ទីតាំង៣-ក្រោនអ៊ីស្តេត ភូមិគ្រឹះកម្ពស់៣ជាន់ មាន ៥៥៨៥ខ្នង លើផ្ទៃដីដីទំហំ ១០ម៉ែត្រគុណនឹង១៨ម៉ែត្រ ផ្ទះល្វែងកម្ពស់៣ជាន់ ១៥៩៥២ល្វែង មានផ្ទៃដីទំហំ៦ ម៉ែត្រគុណនឹង១៤ម៉ែត្រ និងទីតាំងទី៤ បុរី ម៉ោន ស៊ីវីយូ សាងសង់ភូមិគ្រឹះ មានកម្ពស់៣ជាន់ ចំនួន៦៣៧ខ្នង ក្នុងនោះ ភូមិគ្រឹះប្រភេទ-ក ចំនួន៣៦ខ្នងទំហំផ្ទៃដី៣៥ គុណនិង២៥ម៉ែត្រ និងភូមិគ្រឹះប្រភេទ-ខ ៦០១ខ្នងមានផ្ទៃដី២០គុណនឹង២៥ម៉ែត្រ។
សូមបញ្ជាក់ថា អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ក្រុមហ៊ុនបានរៀបចំគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅលើភ្នំបូកគោ ដោយពុះបំបែកដីជាឡូត៍តូចៗ មានដីឡូត៍ សម្រាប់សាងសង់ផ្ទះល្វែង សម្រាប់សាងសង់ភូមិគ្រឹះ និងសម្រាប់សាងសង់អគារពាណិជ្ជកម្ម ជាដើម ដែលបច្ចុប្បន្នបានជួលបន្តដីឡូត៍ទាំងនោះ អស់ចំនួនប្រមាណ ៥២០០ឡូត៍ ទៅឲ្យអតិថិជនប្រមាណ ១៦០០នាក់ហើយ៕