(រតនគីរី)៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ស្អែកនេះ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួត បាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ សេនាយុត្តិធម៌ និងក្រុមបាល់ទាត់តោភ្នំរតនគីរី ដែលការប្រកួតនេះ បានប្រព្រឹត្តិទៅនៅកីឡដ្ឋានក្នុងទីរួមខេត្ត រតនគិរី ។
នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំការប្រកួតនេះ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គី និងសន្តិភាព។
បន្ទាប់ពីបញ្ចប់ការប្រកួត មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា គោលបំណងនៃការប្រកួតនេះថា ក្រៅពីដើម្បីបង្ហាញដល់សាធារណជនទូទៅពីផលប្រយោជន៍សុខភាពដែលបានមកពីការលេងកីឡាពិសេសកីឡាបាល់ទាត់ដែលមនុស្សគ្រប់វ័យអាចលេងបាននោះ ការប្រកួតនេះក៏មានគោលដៅផ្លាស់ប្តូរបទពិសោធន៍ផ្នែកបាល់ទាត់រវាងកីឡាករដែលមានវ័យចាស់ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមបាល់ទាត់សេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្តរតនគីរី។ លោកបានបញ្ជាក់ថា ក្រុមកីឡាករបាល់ទាត់សេនាយុត្តិធម៌ និងភ្ញៀវកិត្តិយសទាំងអស់ ត្រូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការខេត្តរតនគីរី។ លោកថ្លែងបន្ថែមទៀតថា ក្រៅពីការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រុមសេនាយុត្តិធម៌ ក៏បានចុះទស្សនកិច្ចសិក្សានៅសាលាដំបូងនិងអយ្យការខេត្តរតនគីរីផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ មានកីឡាករសុទ្ធសឹងជាមន្រ្តីរាជការដែលបម្រើការក្នុងវិស័យយុត្តិធម៌ ដែលរួមមាន៖ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី។
គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌ក៏ធ្លាប់បានចូលរួមប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ នៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តនានានៃប្រទេសកម្ពុជា និងក្រុមបាល់ទាត់នៃតុលាការ និងអយ្យការនៃប្រទេសជាមិត្តជាច្រើនលើករួចមកហើយ៕