(ភ្នំពេញ)៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ស្អែកនេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបញ្ចប់ការសិក្សានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ និស្សិតដែលទទួលសញ្ញាបត្រនេះរួមមាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី ២៣នាក់។
ការអប់រំ គឺជាវិស័យអាទិភាព និងចាំបាច់បំផុតសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដើម្បីជំរុញការអភិវឌ្ឍលើវិស័យអប់រំ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអ្នកមានធនធានចូលរួមវិនិយោគលើការអប់រំនេះ។
វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សប្រកបដោយពុទ្ធិ និងបញ្ញាញាណសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានវ៉ាន់ដាមានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែង នៅរាជធានីភ្នំពេញ, ១កន្លែង នៅខេត្តសៀមរាប និង១កន្លែង ទៀត នៅខេត្តបាត់ដំបង។
លោកបានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ដោយគិតទាំងនិស្សិត ជ័យលាភីនេះផង សរុបចំនួន ៣៥,០៧៦នាក់ នារី ២៨,៩៣០នាក់។ និស្សិតកំពុងសិក្សាមានចំនួន ៨,៩៦៥នាក់ នារី ៧,៩៥៣នាក់។
លោកបណ្ឌិត ហេង វ៉ាន់ដា ក៏បានឱ្យដឹងផងដែឬថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាឱកាសនេះ អ្នកមានការងារធ្វើចំនួន ៣,២៩៧នាក់ ស្មើនឹង ៩៥.៣៤%។
លោក ហេង វ៉ាន់ដា បានបញ្ជាក់ផងពីការពង្រឹងគុណភាពលើការអប់រំនៅក្នុងវិទ្យាស្ថាន។ លោកបានអះអាងថា ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និង ការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពខ្ពស់នោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្ត និង មានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោលបំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារបច្ចុប្បន្ន។
ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថាន ក៏បានរៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អ៉ីនធើណែត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឱ្យបានល្អ ជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ, គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អាជ្ញាធរសវនកម្មជាតិ, គណៈកម្មការមូលបត្រកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករ ជំនាញ និង សវនករកម្ពុជា, សមាគមគណនេយ្យករចក្រភពអង់គ្លេស, និង សាកលវិទ្យាល័យ មួយចំនួនក្នុងព្រះរាជាណាចក្រថៃ និងសាធារណៈរដ្ឋប្រជាមានិតចិនជាដើម។
នាយកវិទ្យាស្ថានរូបនេះ បានគូសបញ្ជាក់ថា សមិទ្ធផលដែលវិទ្យាស្ថានទទួលបាន បានមកពីការដឹកនាំប្រកបដោយបញ្ញាញាណ និងគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន។ លោកបានបន្ថែមថា កត្តាជាប្រវត្តិសាស្រ្តដ៏អស្ចារ្យដែលរូបលោក ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន គោរពថ្លែងនូវការកោតសរសើរ និងដឹងគុណជាអនេកប្បការនោះ គឺការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះដ៏មានប្រសិទ្ធភាពបំផុតរបស់សម្តេចតេជោ និង បានធ្វើឱ្យប្រទេសកម្ពុជា មានកិត្យានុភាពល្បីល្បាញយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។
លោកបានបន្ថែមថា ម្លប់នៃសន្តិភាពនេះ បានផ្តល់ឱកាសគ្រប់គ្រាន់ឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុភមង្គល តាមរយៈការកសាង និង អភិវឌ្ឍជាតិលើគ្រប់វិស័យ៕