(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជំរុញលើកទឹកចិត្ត ទៅដល់គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងយន្តការ បញ្ជាដឹកនាំកិច្ចសហការគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាព បង្ការ បង្ក្រាបបទល្មើស លួច ឆក់ ឲ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ ឲ្យបានថយចុះ ពិសេសជំរុញលើកទឹកចិត្តទៅកម្លាំងដែលមានភារកិច្ចអនុវត្ត ផែនការបង្ការ បង្ក្រាបបទល្មើសនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបង្ការ និងទប់ស្កាត់បទល្មើស លួច ឆក់ក្នុងរាជធានីភ្នំពេញ ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២០ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានណែនាំទៅដល់មន្រ្តីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រង មុខសញ្ញា និងនីតិវិធី កសាងសំណុំរឿង ដើម្បីមានភស្តុតាងរឹងមាំ ដាក់បន្ទុកផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់ ស្របទៅតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានណែនាំឲ្យត្រូវពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ត ព្រមទាំងបង្កើនការស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបករណី ដែលនៅសេសសល់ជាបន្តទៀត។
បើយោងតាមរបាយការណ៍សង្ខេប ស្ដីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួស ឆក់ នៅក្នុងរាជធានីភ្នំពេញ ប្រចាំខែកុម្ភៈ ដែលរាយការណ៍ដោយ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋាន បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៩ កុម្ភ:ឆ្នាំ២០២០ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបានចំនួន៦២ករណី ក្នុងចំណោមបទល្មើសកើតឡើង៧១ករណី ក្នុងចាប់ខ្លួនជនសង្ស័យ បានចំនួន៨៨នាក់ ស្មើ៨៦ភាគរយ បើធៀបទៅនឹងខែមករា ឆ្នាំ២០២០ បទល្មើសកើនឡើង១៣ ករណីស្មើនឹង២៤%។ ទន្ទឹមនឹងនេះ ក្នុងចំណោមជនសង្ស័យ ៨៨នាក់នោះ សមត្ថកិច្ចបានធ្វើតេស្តសារធាតុញៀន មានចំនួន៧៨នាក់ ស្មើនឹង៨៩%៕