(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតចិន បានបង្ហោះសារបញ្ជាក់ពីវិធានការបន្ទាន់នានាដែលប្រទេសចិន បានប្រឹងប្រែងជួយដល់កម្ពុជា ពាក់ព័ន្ធករណីខ្វះវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។
ស្ថានទូតចិនបានអះអាងថា នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ វត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរជាង៦០កុងតឺន័រ នឹងមកដល់កំពង់ផែ ខេត្តព្រះសីហនុ ខណៈនាវាដឹកវត្ថុធាតុដើមផ្សេងទៀតនឹងមកដល់កម្ពុជាបន្តបន្ទាប់ ដែលនេះនឹងជួយខាតបង់របស់កម្ពុជា អាចធ្លាក់ដល់អត្រាទាបបំផុត។
Facebook របស់ស្ថានទូតចិន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងនាមជាបងប្អូនដែកថែប ប្រទេសចិនកំពុងតែចាត់វិធានការសកម្មភាព យ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌ នៅក្នុងប្រទេសកម្ពុជា។ លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូល នៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាក ក្នុងកិច្ចការមួយនេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជា កំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់និងដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ នៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិន តែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជា ដោយអស់ពីកម្លាំងកាយ និងចិត្ត។
តាមអ្វីដែលបានដឹងក្រុមហ៊ុនដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូន COSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូន Oriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូន SINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាន នូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូន វត្ថុធាតុដើមច្រើនជាងគេ មកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។
ក្នុងនោះក្រុមហ៊ុន SITC ដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺណឺ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់ នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចត នៃកប៉ាល់ដឹកវត្តុធាតុដើមនេះ ក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាព នៃការដាក់ទំនិញចុះ និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញ ដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតង សម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺ តាមរយៈរថយន្តស្ទូចដោយ បានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។
លោក Wu Guoquan មានប្រសាសន៍ថា យើងជឿជាក់ថា ស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ របស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជា បានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជា នឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះ បានយ៉ាងឆាប់រហ័ស»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសនេះ បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។
ការផ្តល់ដំណោះស្រាយរបស់រដ្ឋាភិបាលចិន នឹងជួយទប់ស្កាត់ដល់ការផ្អាកសកម្មភាពរបស់រោងចក្រនៅកម្ពុជា និងជំរុញឱ្យរោងចក្រមួយចំនួន ដែលបានផ្អាកសកម្មភាពរួចហើយនោះ អាចមានដំណើរការឡើងវិញ ធ្វើឱ្យកម្មករដែលបាត់បង់ការងារ ឬបម្រុងនឹងបាត់បង់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួនតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា នឹងមកដល់កំពង់ផែកម្ពុជា នៅថ្ងៃនេះ ហើយជើងទី២ នឹងមកដល់នៅថ្ងៃស្អែក ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមជូនជាព័ត៌មានដ៏រីករាយ សម្រាប់កម្មករ កម្មការិនីរបស់កម្ពុជា មិត្តចិនបានរៀបចំនាវាចំនួន៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យរោងចក្រ ថ្ងៃនេះចាប់ផ្តើមចូលជើងទី១ ស្អែកចូលជើងទី២ (៧គ្រឿងនេះ ៥គ្រឿងចូលនៅកំពង់សោម ២គ្រឿងចូលនៅហូជីមីង ហេតុអ្វីត្រូវចូលនៅហូជីមីង ដោយសារតែអ្នកដែលត្រូវផលិតនៅស្វាយរៀង ដឹកពីហូជីមីងមកវាជិតជាង»។
បើតាមការផ្តល់ព័ត៌មានរបស់មិត្តចិន នាវា៧គ្រឿងនេះ មិនមែនដឹកវត្ថុធាតុដើមមកផ្តល់ជូនកម្ពុជា តែត្រឹមខែមីនា ឆ្នាំ២០២០នោះទេ គឺបន្តដឹករហូតដល់ខែឧសភា ហើយរហូតដល់សភាពការណ៍ធូរស្រាលជាប្រក្រតដីឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់រោងចក្រ សហគ្រាស កុំឆ្លៀតឱកាសព្យួរការងារ ហើយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ។ សម្តេចបញ្ជាក់ថា ចំណុចនេះដាច់ខាតមិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាកឡើយហើយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញប្រកាសរួចហើយដែរ៕