(ភ្នំពេញ)៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានរៀបចំនូវព្រឹត្តិការណ៍ ជួបជុំតំណាងចែកចាយឆ្នើមចំនួន១ពាន់នាក់ មកពី២៥ខេត្ត-រាជធានី ដើម្បីបង្ហាញពីភាពជោគជ័យពិតៗ របស់អ្នកតំណាងចែកចាយផលិតផល N.N.P។ ការជួបជុំននាពេលនេះ ក៏ជាឱកាសដ៏ល្អមួយ ក្នុងការផ្លាស់ប្ដូរគំនិតថ្មី ពិភាក្សា ចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងអាជីវកម្មជាមួយផលិតផល N.N.P ដែលកំពុងវាយលុកខ្លាំងលើគ្រប់ទីផ្សារ ទូទាំងប្រទេសកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងម្ចាស់ដេប៉ូ និងតំណាងចែកចាយឆ្នើម១ពាន់នាក់ នៅអ៊ីអន ២សែនសុខ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសនោះ អ្នកស្រី ទ្រី ដាណា បានឲ្យដឹងគោលបំណងនៃការរៀបចំកលម្មវិធីជួបជុំនៅថ្ងៃនេះថា គឺធ្វើឡើងដើម្បីបង្កើនភាពស្និទ្នស្នាល និងផ្តល់នូវយុទ្ធសាស្រ្តថ្មីៗ ដល់តំណាងចែកចាយឆ្នើម ប្រមាណ១ពាន់នាក់ ក្នុងចំណោម៧ម៉ឺននាក់។
ជាមួយគ្នានោះ អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ស្រ្តីគឺមានជោគជ័យ និងមានសមត្ថភាពខ្លាំងពូកែ ផ្ទុយពីពាក្យ «ស្រ្តីបង្វិលចង្រ្កានមិនជុំ»។ ស្រ្តីបច្ចុប្បន្ន ស្ថិតនៅលើការប្រកួតប្រជែង លើអាជីវកម្មច្រើន គួរឲ្យកត់សំគាល់ ដោយសារតែពួកគាត់ ក្លាហាន និងខ្លាំងពូកែ មិនចាញ់បុរសនោះទេ។
ថ្លែងរៀបរាប់ប្រាប់អង្គភាព Fresh News អ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូផ្តាច់មុខប្រចាំ ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការក្លាយជាបុគ្គលឆ្នើមប្រចាំក្រុមហ៊ុនដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី គឺកើតចេញពីការប្រឹងប្រែង និងការកំណត់គោលដៅច្បាស់លាស់។
អតីតម្ចាស់រង្វាន់ឡានស៊េរីទំនើប Ford Ranger ប្រចាំក្រុមហ៊ុននៅចុងឆ្នាំ២០១៩កន្លងមកនេះ អ្នកស្រី ហួម ធីតា បានឲ្យដឹងទៀតថា ភាពជោគជ័យរបស់លោកស្រី នាពេលនេះ គឺដោយសារតែការជ្រើសររើសក្រុមហ៊ុនត្រូវ ដាក់ទុនអាជីវកម្មត្រូវ។
ចំណែកអ្នកនាង អ៊ន់ ធីតា ម្ចាស់ដេប៉ូផ្តាច់មុខប្រចាំ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានរៀបរាប់ដែរថា ដោយសារការលក់ផលិតផល N.N.P ធ្វើឲ្យគាត់រកប្រាក់ចំណូលមួយខែចន្លោះពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារ និងមានឡាន មានដី មានផ្ទះ និងសល់លុយកាន់បង្វិលមិនតិចជាង៣០ម៉ឺនដុល្លារក្នុង១ខែឡើយ។
ចំពោះបុគ្គលឆ្នើមប្រចាំក្រុមហ៊ុនមួយរូបទៀត គឺអ្នកស្រី ហួន សុភាព ម្ចាស់ដេប៉ូផ្តាច់មុខប្រចាំ ស្រុកពារាំង សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ភ្នំពេញថ្មី ក៏បានបញ្ជាក់ដែរថា តាំងពីបានរកស៊ីជាមួយផលិតផល N.N.P គឺលោកស្រី បានផ្លាស់ប្តូរជីវិត ខ្លួនឯង ទាំងស្រុង គឺពីស្រ្តីធម្មតាម្នាក់ រហូតក្លាយជាស្រ្តីមានមុខជំនួញក្នុងដៃពិតប្រាកដ មានលុយកាន់ពេញៗដៃ និងមានភាពរឹងមាំ មិនទន់ជ្រោយដូចមុនឡើយ។
នៅក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ និងក្នុងនាមជាសហគ្រិនស្រ្តីម្នាក់ អ្នកស្រី ទ្រី ដាណា បានជូនពរដល់នារីគ្រប់រូប ជួបតែសំណាងល្អ មានអាជីវកម្មកាន់តែលេចធ្លោ ហើយមានការរីកចម្រើនឡើងជាលំដាប់។ ជាមួយគ្នានោះ អ្នកស្រី ទ្រី ដាណា ក៏បានលើកទឹកចិត្ត ដល់នារីគ្រប់រូប ឱ្យប្រឹងប្រែងបង្កើតអាជីវកម្មដោយខ្លួនឯង កុំគិតថាខ្លួនឯងធ្វើមិនកើត។ ត្រូវចាប់ផ្ដើមប្ដូរក្ដីស្រមៃ ជាសកម្មភាព ពីថ្ងៃនេះទៅ នោះអ្នកទាំងអស់គ្នា នឹងឃើញសមិទ្ធផលនៅថ្ងៃមុខ។
នៅពីក្រោយភាពជោគជ័យនៃអាជីវកម្ម អ្នកស្រី ទ្រីដាណា ក៏បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដូចជាការផ្តល់ជាអំណោយ ដល់កុមារ ជនចាស់ជរា ជនពិការ និងជនទីទ័លក្រជាច្រើនទៀត។ ក្រុមហ៊ុន ចាប់ផ្តើមបើកដំណើរការជាផ្លូវការ ក្នុងអំឡុងឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ១២០ ភូមិផ្សារលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី នាំចូលផ្តាច់មុខគ្រឿងសម្អាងពីប្រទេសថៃ ម៉ាក N.N.P ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុន គឺសុទ្ធតែមានទទួលស្គាល់ ពីក្រសួងសុខាភិបាលកម្ពុជា និងថៃ និងមានការចុះបញ្ជីត្រឹមត្រូវ តាមស្តង់ដារបញ្ជាក់ពីគុណភាព ធានាបានថាមិនប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។ សព្វថ្ងៃនេះ ផលិតផល N.N.P មានតំណាងចែកចាយ និងតំណាងដេប៉ូ ប្រមាណ៧ម៉ឺននាក់នៅទូទាំងរាជធានីភ្នំពេញ៕