(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានទទួលម៉ាស់ចំនួន ១០ម៉ឺនម៉ាស់ ដែលបានផ្តល់ជូនដោយក្រុមហ៊ុនកសិកម្ម តឹងយ៉ុង ទុកសម្រាប់ចែកយកជូន ប្រជាពលរដ្ឋយកទៅប្រើប្រាស់ សម្រាប់ការពារមេរោគឆ្លង នៅតំបន់ណាដែលសង្ស័យថាមានជំងឺ Covid-19 ឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក លឹម ឃាង ប្រធានក្រុមកសិកម្ម តឹងយ៉ុង ដែលបាលផ្ដល់ម៉ាស់ចំនួន១០ម៉ឺន មកសាលារាជធានីភ្នំពេញ សម្រាប់ចែកជូនដល់សាធារណៈជន។ ម៉ាស់ទាំងនេះរក្សាទុកសិន គឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើកន្លែងនោះ មានរាលដាលមេរោគ ឬក៏អត់ ហើយម៉ាសនេះ គឺចែកឱ្យទៅតំបន់មានជំងឺសម្រាប់ការពារខ្លួនពីជំងឺ»។
លោក ឃួង ស្រេង ក៏បានលើកឡើងថា ម៉ាស់នេះក៏អាចជួយទៅដល់តំបន់ណាដែលមានការសង្ស័យមានជំងឺឆ្លង Covid 19 នៅខេត្តសៀមរាប ជាដើម ហើយនឹងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។
ជាមួយគ្នាលោកអភិបាលរាជធានីភ្នំពេញ បានបន្តថា រដ្ឋបាលរាជធានី និងមានវិធានការចំពោះអ្នកណាដែលផ្សាយព័ត៌មានមិនពិត តាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ន និងការពារទប់ស្កាត់ការពារជំងឺ និងសូមឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។
លោក លឹម ឃាង បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានប្រគល់ម៉ាសចំនួន១០ម៉ឺន ជូនសាលារាជធានីភ្នំពេញ សម្រាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕