(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០នេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការងារ លើកកម្ពស់សមភាពយេនឌ័រ» ដែលមានបុគ្គលិកចូលរួមប្រមាណជិត៩០នាក់។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រី មានកំណើនពីចំនួន១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។
ដោយទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាស ក្នុងការចូលរួមដោយស្មើភាពទាំង ក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទី ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់ សមភាពយេនឌ័រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ធនាគារអភិវឌ្ឍនន៍ជនបទ បានដាក់ចេញនូវគោលការណ៍ និងបទប្បញ្ញាត្តិមួយចំនួន ដើម្បីជួយសម្រួលការងារ ដល់បុគ្គលិកជាស្ត្រីផងដែរ។
លោក កៅ ថាច ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ តែងតែផ្តល់ឱកាសឱ្យស្ត្រីមាន តួនាទី ក្នុងជួររាជរដ្ឋាភិបាល ក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ហើយក្នុងនោះស្ត្រីបានទទួលឋានៈ និងតួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ឬអនុប្រធានមន្ទីរ នេះបានបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី លើសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។
លោកបន្តថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានផ្តល់ឱកាសដល់បុគ្គលិកជាស្ត្រី ចូលរួមគ្រប់សកម្មភាពការងាររបស់ធនាគារ និងផ្តល់មុខតំណែងសំខាន់ៗមួយចំនួន ដែលធ្វើឱ្យចំនួនថ្នាក់ដឹកនាំជាស្ត្រី ក្នុងធនាគារកើនដល់៣២%។ លោកមានជំនឿជាក់ថា នៅឆ្នាំបន្តបន្ទាប់កំណើនបុគ្គលិកស្ត្រីរបស់ធនាគារ នឹងមានការកើនឡើងបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយក បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់បុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
តាមរយៈទិវានេះផងដែរ លោកអគ្គនាយក ក៏បានសំណូមពរឱ្យបុគ្គលិកទាំងអស់ ត្រូវជ្រួតជ្រាបអំពីបញ្ហាយេនឌ័រ មានស្មារតីសាមគ្គីភាព ចូលរួមសហការបំពេញការងារ ដើម្បីធ្វើឱ្យធនាគារអភិវឌ្ឍន៍ជនបទ មានភាពរីកចម្រើនទៅមុខជានិរន្ត។
ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងារ និងដើម្បីអបអរទិវានារីអន្តរជាតិ៨ មីនា លោក កៅ ថាច និងលោកស្រី បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់បុគ្គលិកជាស្ត្រីផងដែរ៕