(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងមានវិធានការចំពោះអ្នកដែលផ្សាយព័ត៌មានមិនពិត តាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឲ្យមានចលាចលនៅទូទាំងប្រទេស ក៏ដូចជានៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្ន ការពារ និងទប់ស្កាត់ការពារជំងឺ COVID-19 ព្រមទាំងអំពាវនាវឲ្យ ប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ឃួង ស្រេង អំពាវនាវដូច្នេះ បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាសក្នុងស្រុក ប្រគល់ម៉ាសចំនួន ១០ម៉ឺន មកសាលារាជធានីភ្នំពេញ សំរាប់ចែកជូនសាធារណៈជននៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ម៉ាស់ដែលយកទៅចែក គឺពិនិត្យមើលទៅតាមលទ្ធភាពថា តើកន្លែងនោះមានរាលដាលមេរោគ ឬក៏អត់ ហើយម៉ាស់នេះ គឺចែកឲ្យទៅតំបន់មានជំងឺសំរាប់ ការពារខ្លួនពីជំងឺ»។
លោក ឃួង ស្រេង បានលើកឡើងថា ម៉ាស់នេះក៏អាចជួយទៅដល់តំបន់ណា ដែលមានការសង្ស័យថាឆ្លងជំងឺ Covid-19 ដូចជានៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយ មន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។
លោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង បានឲ្យដឹងថា ក្រុមហ៊ុនរបស់បានប្រគល់ម៉ាសចំនួន ១០ម៉ឺន ជូនសាលារាជធានីភ្នំពេញ សំរាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕