(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្ដាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺ Covid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យ ព្យាបាល និងបន្ទប់សម្រាប់អ្នកជំងឺឱ្យនៅកន្លែងដែលមានសុវត្ថិភាព និងមិនអាចទៅចម្លងអ្នកដទៃបានឡើយ។
ការលើកឡើងបែបនេះរបស់លោក គង់ សោភ័ណ្ឌ នៅក្នុងឱកាសដែលលោកបានដឹកនាំមន្ទីរ ជំនាញជុំវិញខេត្ត រួមជាមួយលោកអភិបាល ស្រុក-ក្រុងទាំង១១ បានចុះពិនិត្យការរៀបចំត្រៀម ការការពារ ក្នុងករណីមានអ្នកឆ្លងជំងឺ Covid-19 នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មកទល់ពេលនេះ នៅខេត្តកណ្តាល មិនទាន់មានវត្តមានជំងឺ Covid-19 នៅឡើយទេក្នុងទឹកដីខេត្តកណ្តាល។
លោកកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបើសិនបងប្អូននៅតាមមូលដ្ឋានមានការសង្ស័យដូចជា កម្តៅក្នុងខ្លួនក្តៅលើសពី ៣៧អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និងមន្ទីរពេទ្យដែលនៅជិត ដែលមានឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។
លោកអភិបាលខេត្ត បានស្នើដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋនូវព័ត៌មាន ដែលកំពុងមានជាក់ស្ដែង និងត្រូវនាំគ្នាយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលទទួលបាន ពីប្រភពមិនច្បាស់លាស់ ដែលការផ្សាយនោះធ្វើឱ្យសាធារណជន មានការយល់ច្រឡំមានការភ័យខ្លាចនៅក្នុងខេត្ត ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ទាំងមូលផងដែរ៕