(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តតាកែវ
នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងថ្នាក់ដឹកនាំសមាគម ស្រុក/ក្រុង និងសាខាឃុំ/សង្កាត់ទាំង១០០។
លោកឧត្ដមសេនីយ៍ នាង សុភារ៉ា បានរាយការណ៍ជូនអង្គប្រជុំថា ក្រោយធ្វើបច្ចុប្បន្នភាព យើងទទួលលទ្ធផលដូចខាងក្រោម៖
*រកឃើញអ្នកមានដីអត់ផ្ទះ ៤៥គ្រួសារ
*អ្នកអត់ដីអត់ផ្ទះ និងរស់នៅលើដីសាធារណៈ ៦១គ្រួសារ
*បានបើកប្រាក់បេឡាមរណៈជូន ៧២គ្រួសារ ស្មើ២៨៨លានរៀល
*បើកប្រាក់បូជាសពអតីតយុទ្ធជន ៤២សព ស្មើនឹង ៣០៧លានរៀល ធានាបានទាន់ពេលវេលា
*ផ្តល់ផ្ទះអំណោយសម្តចតេជោ ២០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ
*ជួយដោះស្រាយការលំបាកសមាជិក ស.អ.ក បាន ៧៤នាក់ ដោយបានផ្តល់ជាថវិកា និងសម្ភារមួយចំនួន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការ គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រីអគ្គលេខាធិការ ក៏បានសរសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលយកចិត្តទុកដាក់មើលថែបងប្អូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់អនុវត្តការងារសំខាន់ៗដូចខាងក្រោម៖
*ទី១ ៖ ផ្តល់ការសាងសង់ផ្ទះជូនអ្នកមានដីអត់ផ្ទះ ៤០ខ្នង
*ទី២ ៖ ចំពោះបងប្អូន ដែលអត់ដីអត់ផ្ទះ ថ្នាក់ដឹកនាំសមាគម និងអភិបាលខេត្តពិចារណា ជាក់ស្តែងរកដី ដើម្បីធ្វើផ្ទះជូនពួកគាត់
*ទី៣ ៖ ត្រូវជួយមើលថែ បងប្អូន អតីតយុទ្ធជន ដែលជួបលំបាកទាំង ១៦៨នាក់ និងអ្នកមានជំងឺ។ ពេលពួកគាត់មានធុរៈ ត្រូវនាំគ្នាទៅចូលរួមជួយគ្នាឲ្យបានកុះករ។
*ទី៤ ៖ ត្រូវចលនាឲ្យបងប្អូន អតីតយុទ្ធជន យើងសសេរប្រវត្តិរូបផ្ទាល់ខ្លួន ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិតស៊ូ សកម្មភាពការងារបស់ពួកគាត់៕