(កណ្តាល)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលកូនប្រុសរបស់ខ្លួន បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ ២៤ថ្នេរ មិនទាន់ទទួលបានភាពយុត្តិធម៌ និងសំណងណាមួយនៅឡើយ ខណៈជនបង្កមានសិទ្ធិសេរីភាព និងសំណូមពរឲ្យសាលាដំបូងខេត្តកណ្តាល មេត្តាជួយពន្លឿនសុំណុំរឿងបង្ករបួសស្នាមមួយនេះ ប្រកដោយភាពយុត្តិធម៌ជូនពួកគេផង។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ យុវជនលៀប ស៊ីណា អាយុ១៨ឆ្មាំ មុខរបរធ្វើការហាងជប៉ុន បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ ២៤ថ្នេរ ខណៈដែលរូបគេជាអ្នកកំដរការមិត្តភក្តិ ត្រូវយុវជនម្នាក់គប់មួយកែវស្រាបៀរ ដោយមិនដឹងមូលហេតុ ស្ថិតនៅឃុំពាមឧញ៉ាកអុង ស្រុកល្វាឯម ខេត្តកណ្តាល ហើយពេលដែលកម្លាំងនគរបាល ចាប់ខ្លួនជនបង្កបានហើយបែរជាដោះលែងឲ្យមានសេរីភាពទៅវិញ ដោយករណីហិង្សានេះ មិនទាន់ដោះស្រាយចប់ជាមួយជនរងគ្រោះនៅឡើយ ហើយក្រុមគ្រួសាររងគ្រោះ បន្តដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជួយធ្វើអន្តរាគមន៍ តាមចាប់ជនបង្ករបួសស្នាមមកលើកូនប្រុសគាត់នោះចាត់ការតាមច្បាប់កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។
ឪពុកជនរងគ្រោះលោក រឿន ផលលៀប មុខរបរកសិករ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការខេត្តកណ្តាល បានកោះហៅតែភាគី លោក និងសាក្សីមកសាកសួរច្រើនលើកគ្មានលទ្ធផល ចំណែកជនបង្កមានសិទ្ធិសេរីភាពពេញភូមិ ធ្វើដូចមិនដឹងមានរឿងអីកើតឡើងទាល់តែសោះ។ ដូច្នេះហើយទើបធ្វើគ្រួសាររបស់លោកមានការ ឈឺចាប់ ដោយសារការជនបង្ករបួសស្នាមមិនទាន់ទទួលទោសទណ្ឌ។
ដោយសារតែកោះហៅច្រើនលើកហាក់គ្មានចំណាត់ការ ទើបក្រុមគ្រួសាររងគ្រោះ សំណូមពរឲ្យសាលាដំបូងខេត្តកណ្តាល មេត្តាជួយពន្លឿនសុំណុំរឿងបង្ករបួសស្នាមមួយនេះ ប្រកដោយភាពយុត្តិធម៌ ជូនក្រុមគ្រួសារជនរងគ្រោះផង។
លោក រឿន ផលលៀប បានបន្តទៀតថា កូនរបស់លោកមិនមែនជាអ្នកដើរលេងផឹកស៊ី លេងល្បែងប៉ោឡែនោះឡើយ ហើយបង្ករបួសស្នាមនេះ មានចេតនាបង្កឡើងតែម្ដង ដែលមិនមែនជាមិត្តភក្កិនឹងគ្នាទាល់តែសោះ។
បើតាមឪពុកជនរងគ្រោះ, ជនបង្ករបួសស្នាមមានឈ្មោះ សៅ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ អាណាព្យាបាលជនរងគ្រោះបានបន្តទៀតថា ជនបង្កត្រូវបានតុលាការខេត្តកណ្ដាល ចេញដីកាកោះជាច្រើនលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ធ្វើឲ្យកូនគាត់បានត្រឹមតែការឈឺចាប់ខាតពេលវេលាធ្វើការ ហើយរងរបួសធ្ងន់ត្រង់ភ្នែកជាខ្លាំងមកដល់ពេលបច្ចុប្បន្ននេះ។
បើតាមអ្នកច្បាប់ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា ២១៨ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។
យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្រ្តីតុលាការលើរឿងនេះនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ៕