(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់បដិវត្តន៍ឧស្សាហកម្ម៤.០ នៅក្នុងប្រទេសកម្ពុជា ហើយដើម្បីសម្រួលដល់ការរស់នៅប្រជាពលរដ្ឋ ក្រុមហ៊ុនមួយដែលបង្កើតឡើងដោយកូនខ្មែរ បានផលិតកម្មវិធីទូរស័ព្ទដៃមួយ ដែលឱ្យសាធារណជនហៅតាក់ស៊ី ក៏ដូចជាដឹកជញ្ជូនអាហារ និងទំនិញយ៉ាងងាយស្រួល។
ក្រុមហ៊ុនឡូយហ្គោ ឯ.ក (Loygo App) ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ បានបង្កើតអេប (App) ឈ្មោះ Loygo ដែលមានមុខងារសំខាន់ៗ ចំនួន៧ ជាពិសេសនោះ មានដូចជាតាក់ស៉ី អេប, ដឹកជញ្ជូនទំនិញ, ផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារទំនិញអនឡាញជាដើម ដើម្បីរួមចំណែកផ្តល់ភាពងាយស្រួល ដល់ការរស់នៅរបស់មនុស្ស។
ក្រុមហ៊ុនឡូយហ្គោ ឯ.ក ត្រូវបានចុះបញ្ជីជាផ្លូវការ នៅក្រសួងពាណិជ្ជកម្ម និងដាក់ឲ្យដំណើរនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមហ៊ុននេះ បានធ្វើពិធីសម្ពោធធំមួយ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីរចនាសម្ព័ន្ធដឹកនាំក្រុមហ៊ុន ដូចជា ប្រធានក្រុមប្រឹក្សាភិបាល, អភិបាល, អគ្គនាយក, ក្រុមប្រឹក្សាអ្នកច្បាប់ (មេធាវី), អ្នកសវនកម្មផ្ទៃក្នុង, អ្នកកាន់ផ្នែករដ្ឋបាល, អ្នកកាន់ផ្នែកហិរញ្ញវត្ថុ, និងអ្នកកាន់ផ្នែគម្រោងសេវាកម្មទាំងអស់ យ៉ាងច្រើនកុះករផងដែរ។
លោក យន់ ស៉ីវត្ថា អគ្គនាយកទី១ បានឲ្យដឹងថា ក្រុមហ៊ុនឡូយហ្គោ ឯ.ក មានគម្រោងចំនួន៧ រួមមាន៖
ទី១៖ គម្រោងឡូយហ្គោតាក់ស៉ី អេប (Loygo Taxi App)៖ គឺជាសេវាកម្ម Booking តាមអេប
ទី២៖ គម្រោងដឹកជញ្ជូនទំនិញ (Loygo Delivery App)៖ គឺជាសេវាកម្មកុម្មង់ម្ហូបអាហារ និងដឹកជញ្ជូនទំនិញតាមអនឡាញ
ទី៣៖ គម្រោងឡូយហ្គោផ្សព្វផ្សាយពាណិជ្ជកម្ម (Loygo Advertising App)៖ គឺជាសេវាកម្មផ្សព្វផ្សាយ ប្រភេទជា Digital Marketing
ទី៤៖ គម្រោងឡូយហ្គោទីផ្សារទំនិញអនឡាញ (Loygo E-Commerce App)៖ គឺជាសេវាកម្មលក់ទំនិញតាមអនឡាញ
ទី៥៖ គម្រោងឡូយហ្គោជីភីអេស (Loygo GPS App)៖ គឺជាសេវាកម្មសម្រាប់តាមដានទីតាំងកូន ឬក្រុមគ្រួសារ
ទី៦៖ គម្រោងឡូយហ្គោអចលនទ្រព្យ អេប (Loygo Real Estate App)៖ គឺជាសេវាកម្មប្រមូលផ្តុំអចលនទ្រព្យទូទាំងព្រះរាជាណាចក្រកម្ពុជា
ទី៧៖ គម្រោងឡូយហ្គោភេសជ្ជៈ អេប(Loygo Drinking App)៖ គឺជាសេវាកម្មសម្រាប់កុម្មង់ភេសជ្ជៈ និងទឹកសុទ្ធទូទៅ និងនៅមានគម្រោងបន្តបន្ទាប់ទៀត។
លោក យន់ ស៉ីវត្ថា បានឲ្យដឹងបន្តថា ឡូយហ្គោ មិនមានគោលដៅប្រកួតប្រជែងទីផ្សារទេ ប៉ុន្តែត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់របស់ App របស់បរទេស។ ក្រុមហ៊ុន កំពុងត្រូវការអ្នកចូលរួមវិនិយោគ ហើយបើគាត់អត់មានទុនសោះ ក៏គាត់អាចចូលរួមត្រឹមធ្វើជាអ្នកទីផ្សារ ឲ្យតែគាត់ចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា។ លោកបញ្ជាក់ថា បើគាត់មានទុនត្រឹមតែ ១៨០ដុល្លារអាមេរិក គាត់អាចក្លាយជាម្ចាស់ភាគហ៊ុននៃឡូយហ្គោ នៅសង្កាត់ ឬស្រុកណាមួយ។ យ៉ាងណាក៏ដោយ សម្រាប់ទីក្រុងអភិវឌ្ឍន៍ខ្លាំង ដូចជាទីក្រុងពោធិ៍សាត់ និងស្វាយរៀង ទុនចូលរួមត្រូវមាន ៤៥០ដុល្លារអាមេរិក។ ឡូយហ្គោ មិនត្រឹមតែបង្កើតឡើងសម្រាប់ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែគោលដៅពង្រីកទៅកាន់ ១០ប្រទេស នៅក្នុងទ្វីបអាស៉ីផងដែរ។
លោកថ្លែងថា៖ «គោលដៅយើង កាត់ទីផ្សារ១០ភាគរយ ដើម្បីលុយនោះបានមកកូនខ្មែរវិញ កុំឲ្យបរទេសដាក់តែអេប១ មកកើបលុយស្រុកខ្មែរទាំងអស់។ អញ្ចឹងយើងកាត់ចំណែកទីផ្សារ តែ១០ភាគរយទេ។ យើងអត់ទៅប្រកួតប្រជែងជាមួយអ្នកណាទេ»។
លោក អ៉ិត កេសនា អគ្គនាយកទី២ បានឲ្យដឹងថា គម្រោងសេវាកម្មរបស់ក្រុមហ៊ុនឡូយហ្គោ ឯ.ក នឹងត្រូវអនុវត្តន៍ទូទាំងប្រទេស ដោយយករចនាសម្ព័ន្ធរដ្ឋបាល ដឹកនាំប្រទេសមកដឹកនាំក្រុមហ៊ុន។ នៅថ្ងៃអនាគតដ៏ខ្លីនេះ ក្រុមហ៊ុនឡូយហ្គោ ឯ.ក នឹងមានសេវាកម្មជាច្រើនប្រភេទ និងឈានមុខគេផ្នែកបច្ចេកវិទ្យា និងមានទំនុកចិត្តបំផុត ដើម្បីបម្រើសេវាកម្មដល់ប្រជាជាតិគ្រប់រូប នៅប្រទេសកម្ពុជា និងទៅលើឆាកអន្តរជាតិ។ គម្រោងទាំងអស់របស់ក្រុមហ៊ុនឡូយហ្គោ ឯ.ក នឹងក្លាយជាក្រុមហ៊ុនមួយ ហើយក្រុមហ៊ុនឡូយហ្គោ ឯ.ក នឹងក្លាយទៅជាក្រុមហ៊ុនមេសម្ព័ន្ធ (LOYGO GROUP) និងបន្តពង្រីកខ្លួនទៅជាក្រុមហ៊ុនមហាជន ( LOYGO PLC)ផងដែរ។
លោកបន្តថា ទស្សនវិស័យ បេសកកម្ម គោលដៅ និងគុណតម្លៃ នៃសេវាកម្មទាំងអស់របស់ ឡូយហ្គោ អេប រួមមាន៖
*ទស្សនវិស័យ៖ ប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់សេវាកម្ម ឡូយហ្គោអេប។
*បេសកកម្ម៖ ផ្កល់សេវាកម្ម ឡូយហ្គោអេប ងាយស្រួល និងផ្ដល់ឲ្យប្រជាពលរដ្ឋគ្រប់រូប នូវការជឿជាក់ និងប្រើប្រាស់សេវាកម្ម ឡូយហ្គោអេប។
*គោលដៅ៖ សេវាកម្ម ឡូយហ្គោអេប ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។
*គុណតម្លៃ៖ សេវាកម្ម ឡូយហ្គោអេប ទាន់ពេលវេលា សុវត្ថិភាព និងតម្លាភាព៕