(ភ្នំពេញ)៖ លោក MUHAMMAD FAHAD UR REHMAN ភារៈធារីស្ដីទីថ្មី នៃស្ថានទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា បានប្រកាសស្នើដល់នគរបាលជាតិ នៃកម្ពុជាបន្តកិច្ចសហការ និងចង់ឲ្យកម្ពុជាបញ្ជូនសិក្ខាកាមដែលជាកងកម្លាំង នៃនគរបាលជាតិកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលនៅប្រទេសប៉ាគីស្ថាន។
ការលើកឡើងរបស់ភាគីប៉ាគីស្ថាន ធ្វើឡើងនៅក្នុងជំនួបរវាងឧត្ដមសេនីយ៍ទោ ឌុច ដារិន្ទ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដោយមានចំណារឯកភាពពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក MUHAMMAD FAHAD UR REHMAN ភារៈធារីស្ដីទីថ្មីនៃស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ទើបមកបំពេញការងារនៅកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌កម្ពុជា និងបានពិភាក្សាពាក់ព័ន្ធនឹងការងារសន្តិសុខ របស់ជនជាតិប៉ាគីស្ថាន នៅកម្ពុជា។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ ឌុច ដារិន្ទ បានពន្យល់ពីសមាសភាព ក៏ដូជាតួនាទីរបស់នាយកដ្ធានកណ្តាលនគរបាលយុត្តិធម៌ និងក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំ នៅកម្ពុជាក្នុងការការពារ និងផ្តល់សុវត្ថិភាពជូនទេសចរណ៍ វិនិយោគិនបរទេស អ្នកការទូត និងនិវេសនដ្ឋានទូត។
លោកឧត្តមសេនីយ៍ទោ ក៏បានជម្រាបជូនលោក MUHAMMAD FAHAD UR REHMAN ពីការរីកចម្រើនពីស្ថានភាពសន្តិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយចំពោះសុវត្តិភាពជនបរទេស ដែលមានវត្តមាននៅកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ លោក MUHAMMAD FAHAD UR REHMAN បានស្នើសុំឲ្យបន្តកិច្ចសហការរវាងនគរបាលជាតិកម្ពុជា ជាមួយប៉ាគីស្ថាន និងសិក្សាពីលិទ្ធភាពនៃវគ្គបណ្តុះបណ្តាល ដល់នគរបាលជាតិកម្ពុជា ទៅរៀននៅប៉ាគីស្ថាន៕