(ភ្នំពេញ)៖ លោកស្រី ឱ វឿន អាយុ៦៥ឆ្នាំ ដែលជាជនពិការ និងជាគ្រួសារអតីតយុទ្ធជនក្រីក្រ រស់នៅសហគមន៍ទន្លេសាប ក្រុមទី៥ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្រោមការដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា។
ការថ្លែងអំណរគុណរបស់លោកស្រី ឱ វឿន ដែលជាជនពិការ និងជាគ្រួសារអតីតយុទ្ធជនក្រីក្រនេះ បានធ្វើឡើង ក្រោយពីលោកស្រី ទទួលបានការព្យាបាលភ្នែក (បកភ្នែក) ដោយឥតបង់ថ្លៃ ពីសមាគមចក្ខុុខ្មែរ តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នៅមុនពេលលោកស្រី ទទួលបានការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ។
សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពរស់នៅ និងមានជំងឺប្រចាំកាយ ឡើងបាយ និងភ្នែកកន្ទុយថ្លែនចំនួន ៦៣នាក់ ក្នុងនោះមានលោកស្រី ឱ វឿន អាយុ៦៥ឆ្នាំ ដែលជាជនពិការ និងជាគ្រួសារអតីតយុទ្ធជន ផងដែរ ដែលមកពីមូលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ក្រោមការណែនាំ បង្ហាញពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋទាំង ៦៣នាក់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីពួកគាត់ទទួលបានការយកចិត្តទុកដាក់ព្យាបាលជំងឺឡើងបាយ និងភ្នែកកន្ទុយថ្លែន ដោយគ្មានចំណាយថវិកា ពីគ្លីនិកព្យាបាលរបស់សមាគមចក្ខុខ្មែរ ឧបត្ថម្ភដោយមូលនិធិ khmer sight foundation តាមរយៈលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងក្រុមការងារយុវជន ស.ស.យ.ក និងយុវជន អ.ម.ត កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ, បងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងជីវភាពរស់នៅ និងមានជម្ងឺប្រចាំកាយឡើងបាយភ្នែកកន្ទុយថ្លែនទាំង ៦៣នាក់ សូមជូនពរចំពោះ សមាគមចក្ខុខ្មែរ ឧបត្ថម្ភដោយមូលនិធិ khmer sight foundation, ក្រុមការងារយុវជន ស.ស.យ.ក និងយុវជន អ.ម.ត និងជាពិសេសក្រុមការងាររបស់លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ក្រោមការណែនាំបង្ហាញពីសំណាក់លោក ជា ពិសី៕