(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបដិសេធតាមរយៈបណ្តាញព័ត៌មាន Fresh News ចំពោះការបង្ហោះវីដេអូមួយ បង្ហាញពីបុរសម្នាក់ដួលកន្ត្រាក់ដៃកន្រ្តាក់ជើង នៅជិតទីលានប្រជាធិបតេយ្យ ដែលមនុស្សមួយចំនួនបំពុលថា ជាជំងឺ COVID-19។
ក្រោយមានការបង្ហោះបំពុលវីដេអូខាងលើនេះ លោក ជា ពិសី បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងភ្លាមៗ និងបានសន្និដ្ឋានថា បុរសម្នាក់នេះកើតជំងឺឆ្កួតជ្រូក និងមានអាការៈធម្មតាដូចដើមវិញហើយ មិនមែនជាជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 នោះទេ។
បើតាមការលើកឡើងរបស់អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ ក៏បានបញ្ជាក់ថា ត្រឹមតែមួយសន្ទុះក្រោយប៉ុណ្ណោះ បុរសម្នាក់នេះ បានក្រោកឈរឡើង និងអង្គុយញញឹមធម្មតា អាចសន្និដ្ឋានថា ជាជំងឺឆ្កួតជ្រូកក៏អាចថាបាន មិនមែនជាជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 នោះទេ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការបង្ហោះវីដអូមួយតាមបណ្តាញសង្គម Facebook ដោយបង្ហាញពីបុរសម្នាក់បានដួលទៅលើផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយដៃជើងកន្រ្តាក់ឡើង ដែលម្នាក់ៗតាមត្រឹមឈរនៅពីឆ្ងាយ មិនព្រមចូលទៅជួយគ្នាដោយសង្ស័យថា កើតជំងឺកូរ៉ូណា ឬ COVID-19។
បន្ថែមពីនេះ អ្នកលេងបណ្តាញសង្គម Facebook មួយចំនួនបានចាត់ទុកថា អ្នកធ្វើដំណើរតាមផ្លូវពេលឃើញបុរសម្នាក់នេះ មិនព្រមជួយទាក់ទងទៅមន្ទីរពេទ្យ ឬក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬសមត្ថកិច្ច ដែលទាំងនេះបង្ហាញថា គ្មានទឹកចិត្តមនុស្សធម៌នោះឡើយ។
នៅក្នុងរយៈពេលដែលមានជំងឺ COVID-19 ផ្ទុះឡើងនៅទូទាំងពិភពលោកនិយាយជារួម និងជាដោយឡែក សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង ក្រុមប្រឆាំង និងក្រុមបំពុលសង្គមមួយចំនួន បានបង្ហោះព័ត៌មាន រូបភាព និងវីដេអូ មិនពិតជាច្រើនដែលថា ជាជំងឺកូរ៉ូណា ប៉ុន្តែព័ត៌មានមិនពិតទាំងនេះ ត្រូវបានក្រសួងសុខាភិបាល អាជ្ញាធរ និងសមត្ថកិច្ចបានចេញមកច្រានចោល ទាំងស្រុងភ្លាមៗផងដែរ៕