(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសថា លោកគ្រោងរៀបចំនូវអាហារ ក្នុង១ឆ្នាំ ចំនួន ៤លើក សម្រាប់ក្មួយៗ ជាកុមារពិការភ្នែក គ ថ្លង់ និងកុមារកំព្រា នៅខេត្តកំពង់ចាម។
ការគ្រោងលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងក្នុងឱកាសដែលលោកជួបជុំសំណេះសំណាលសួរសុខទុក្ខ និងរៀបចំអាហារ ១ពេល សម្រាប់ក្មួយៗ កុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា ខេត្តកំពង់ចាម នៅវិទ្យាល័យអប់រំពិសេស ខេត្តកំពង់ចាម ដោយមានការចូលរួម ពីសំណាក់លោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍខេត្តកំពង់ចាម នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ។
លោកអភិបាលខេត្ត បានថ្លែងថា ការរៀបចំជាពិធីជួបជុំ និងពិធីសំណេះសំណាលនេះឡើង ក៏ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជា ការលើក កម្ពស់ដល់ជនពិការភាព ដោយការមិនទុកឱ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺត្រូវតែរួមគ្នា ដើម្បីដោះស្រាយធ្វើយ៉ាងណា ដើម្បីឱ្យក្មួយៗ មានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ ដោយសេចក្ដីអាណិតអាសូរ ចំពោះក្មួយៗកុមារជាជនពិការភាព និងក្មួយកុមារកំព្រា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រីរួមជាមួយសប្បុរសជន តែងរៀបចំនូវអាហារសាមគ្គី សម្រាប់ក្មួយៗកុមារកំព្រា និងកុមារពិការភ្នែក គ ថ្លង់ ក្នុង ១ឆ្នាំ ចំនួន ២លើក គឺនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ១លើក និងមួយលើកទៀត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ក្រៅពីនោះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់ជូនជាស្បៀង សម្ភារៈ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្គត់ផ្គង់ទៅដល់ជីវភាពរស់នៅរបស់ក្មួយៗ ក៏ដូចជា លោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រា និងវិទ្យាល័យអប់រំពិសេសផងដែរ៕