(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញមន្រ្តីថ្នាក់ក្រោម ត្រូវបង្កើនការសិក្សារៀសូត្រ ក្រេបយកចំណេះដឹងឱ្យកាន់តែច្រើនឡើង សំដៅដល់ការបម្រើប្រជាពលរដ្ឋ ឱ្យល្អប្រសើរជាងមុន ។
ការជំរុញបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពិធីបើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ជូនដល់ស្រុកចំនួន៤ មានស្រុកកៀនស្វាយ ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ត្រូវបើកចិត្តឱ្យទូលាយទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានប្រយោជន៍ ត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្ដុះបណ្ដាល តាំងពីដើម រហូតដល់ចប់កម្មវិធី ពិសេសត្រូវខិតខំធ្វើការឆ្លុះបញ្ចាំង ឱ្យបានផុសផុលរវាងសិក្ខាកាម និងសិក្ខាកាម និងរវាងសិក្ខាកាម និងគ្រូឧទេ្ទស។
លោក គង់ សោភ័ណ្ឌ បានបន្តថា វគ្គសិក្សានេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ អស់លោកលោកស្រីជាសិក្ខាកាមទាំងអស់ ក្នុងការក្រេបយកចំណេះដឹង បទពិសោធន៍បន្ថែមដើម្បីពង្រឹង សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ សំដៅបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនស្របតាមការវិវត្តន៍ឥតឈប់ឈរ របស់សង្គមជាតិ និងសាកលលោក។
សូមបញ្ជាក់ថា វគ្គសិក្សានេះ គឺមានរយៈពេល ២ថ្ងៃ ដែលផ្ដោតទៅលើខ្លឹមសារសំខាន់ៗមាន ៥ជំពូក គឺជំពូក១ សិក្សាទៅលើទស្សនទាន នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំពូក២ សិក្សាទៅលើរចនាសម្ព័ន្ធតួនាទី និងភារកិច្ច ជំពូក៣ សិក្សាទៅលើមុខងារ និងធនធាន ជំពូក ៤ សិក្សាទៅលើទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាព និងជំពូក៥ សិក្សាទៅលើរបៀបរបបការងារ នៅក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ៕