(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានតាមចាប់ខ្លួនបុរសម្នាក់ ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហាញថា ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរអ្នកលក់ទំនិញតាម Online និងជាអ្នកជល់មាន់។ ជនសង្ស័យបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal»។
ក្រោយបង្ហោះវីដេអូឃ្លីបខាងលើនេះ សមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹង COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា ខ្លួនពិតជាបាននិយាយ និងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន។ បន្ទាប់ពីការសួរនាំរួចមកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕