(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ គាំទ្រនូវវិធានការ ការពារផលប៉ះពាល់ជាអវិជ្ជមាន បណ្តាលមកពីការរីករាលដាលជាសកលនៃវីរុស Covid 19 ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា វិធានការ ការពាររបស់ធនាគារជាតិនៃកម្ពុជារួមមាន៖
* ទី១៖ លើកទឹកចិត្តឲ្យសមាជិកសមាគម ឲ្យបន្តផ្ដល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្ម ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើង ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនេះ
* ទី២៖ សមាជិកសមាគមគប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្ដែង ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ ដែលបណ្ដាលមកពីផលប៉ះពាល់នៃវីរុស Covid-19។
* ទី៣៖ សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញវិធានការពារ ការពារការរីករាលដាលនៃវីរុស Covid 19 ទៅលើបុគ្គលិក និងអតិថិជនដើម្បីធានាឱ្យបាន នូវនិរន្តរភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏សូមអំពាវនាវដល់សមាជិកទាំងអស់ រួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនអតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវវិធានការការពារទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត
បន្ថែមលើវិធានការ ការពារការលើសមាជិកសមាគមទាំងពីរ ក៏បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាស ធុនតូច និងមធ្យម តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គម្រោងនេះនឹងផ្ដល់ទុនក្នុងអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើវិស័យអទិភាព ហើយដែលគ្រោងនឹងចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា៖