(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាប់បុរសម្នាក់ ដែលរស់នៅកំពង់ត្របែក ខេត្តព្រៃវែង យកមកឃុំទុក ដោយសារបុរសរូបនោះនិយាយថា សម្តេចត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរីដោយសម្ងាត់បំផុត ដើម្បីព្យាបាលជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនមានផ្ទុកមេរោគ Covid-19 នោះទេ ហើយក៏មិនត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរីដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អាមួយនោះផ្តាំហ្អែង ហ្អែងនៅកំពង់ត្របែក។ អាហ្នឹងវាថាខ្ញុំត្រូវបានគេបញ្ជូនដោយស្ងាត់បំផុត ទៅពេទ្យសិង្ហបុរី។ ប្រយ័ត្នណា! អញឲ្យប៉ូលីសទៅយកដល់ផ្ទះ ហ្អែងត្រូវដឹងថា ម្ង៉ៃហ្អែងនិយាយអីខ្លះ។ កុំគិតស្មានតែគេមិនដឹង! គ្រាន់តែព្រមានទេ លើកក្រោយតែហ្អែងដដែលហ្នឹង អញចាប់យកហ្អែកមកឃុំហើយ»។
សម្តេចមានប្រសាសន៍បន្តថា បើសិនជាសម្តេចមានមេរោគ Covid-19 ពិតមែននោះ រដ្ឋាភិបាលសិង្ហបុរីក៏គេមិនអនុញ្ញាត ឲ្យសម្តេចទៅព្យាបាលនៅទីនោះដែរ ព្រោះគេខ្លាចចម្លងដល់ប្រជាជនគេ។ សម្តេចថ្លែងថា បើតាមគោលការណ៍អង្គការសុខភាពពិភពលោក (WHO) បើគេរកឃើញនរណាផ្ទុកមេរោគ Covid-19 នៅកន្លែងណា ត្រូវព្យាបាលអ្នកជំងឺនៅទីនោះ ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធក្នុងការព្យបាល។
សម្តេចក៏បានលើកឡើង ពីករណីដែលប្រទេសយើងធ្លាប់បានរកឃើញ Covid-19 លើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ហើយព្យាបាលបុរសរូបនោះទាល់តែជា។ សម្តេចបន្ថែម សម្រាប់បុរសជនជាតិជប៉ុន ដែលផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីកម្ពុជា ប្រសិនបើរកឃើញថាលេចចេញរោគសញ្ញានៅប្រទេសកម្ពុជា ក៏យើងមិនឲ្យគាត់ចេញទៅដែរ គឺត្រូវតែទុកព្យាបាលសិន។
សូមបញ្ជាក់ ប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកមេរោគ Covid-19 ចំនួន២ករណីហើយ។ ករណីទី១ ត្រូវបានប្រកាសថា រកឃើញលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបានព្យាបាលរហូតដល់ជាសះស្បើយផងដែរ ទើបអនុញ្ញាតឲ្យគេត្រឡប់ទៅប្រទេសកំណើតវិញ។
សម្រាប់ករណីទី២ ត្រូវបានរកឃើញកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់។ បុរសរូបនោះ គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ដែលឆ្លងមេរោគ Covid-19 ដែលបានចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។
ការរកឃើញជំងឺ Covid-19 ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនរូបនោះ។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល កំពុងតាមដានរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក៕