(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកភរិយា និងសាច់ញាតិរបស់បុរសខ្មែរដែលកើតជំងឺ កូរ៉ូណា ឬ Covid-19 ឆ្លងពីជនជាតិជប៉ុន ថាមានភាពក្លាហានណាស់ ដែលបានចេញមកបកស្រាយលើបញ្ហានេះ តាមរយៈបណ្តាញសង្គម ជូនដល់ប្រជាជនខ្មែរទូទាំងប្រទេសកុំឱ្យមានការភាន់ច្រឡំ និងអើសអើងចំពោះពួកគាត់។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញដាក់ ឱ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាតុទុកភាពក្លាហានរបស់ភរិយា និងសាច់ញាតិបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងវីរុស កូរ៉ូណា ពីជនជាតិជប៉ុន យ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ អ្វីដែលជាការគួរឱ្យកោតសសើរ គ្រូពេទ្យរបស់យើងបានប្រឹងប្រែងយកសំណាកអ្នកដែលមានពាក់ព័ន្ធ ជាមួយនឹងក្មួយប្រុសម្នាក់ ដែលឆ្លងនេះ ហើយជាការក្លាហានណាស់ ដែលភរិយារបស់ក្មួយប្រុសនេះ បានចេញមកនិយាយ ហើយបញ្ចាំងតាមរយៈ Facebook ហើយទូរទស្សន៍នានា ក៏បានចាប់យកមកផ្សាយហើយដែល ជាភរិយានៃក្មួយប្រុសដែលបានឆ្លង ប្រកាសថា ខ្ញុំអត់មានឆ្លងផង»។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គ្រាន់តែក្រសួងសុខាភិបាលរកឃើញថា បុរសខ្មែរម្នាក់បានឆ្លងវីរុស កូរ៉ណា ភ្លាមក្រសួង បានប្រកាសពីករណីនេះ ដោយតម្លាភាពបំផុត ថាមានប្រជាពលរដ្ឋកម្ពុជាយើង អាយុ៣៨ឆ្នាំម្នាក់ បានឆ្លងមេរោគ Covid-19 ហើយ ក្នុងភាពបន្ទាន់នោះ សម្តេចក៏បានប្រកាសបិទជាបណ្តុះអាសន្ននូវសាលារៀន នៅទីរួមខេត្តសៀមរាប ដែលមកដល់ពេលនេះ មានជាង១១០សាលា ត្រូវបានបិទ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវប្រកាសឱ្យផ្អាកផងដែរ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នៅក្នុងរយៈពេលខ្លីមួយនេះ នៅតំបន់សៀមរាប ត្រូវតែមានការប្រុងប្រយ័ត្ន ហើយមូលហេតុដែលសម្តេចសម្រេចឱ្យបិទសាលារៀន គឺក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រីមួយរូប គឺត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត គឺកុមារ៉ា កុមារី ដែលគ្នាមិនដឹងពីវិធីការពារខ្លួនជួបប្រទះនូវហេតុការណ៍នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថា បច្ចុប្បន្ននេះ ក្រសួងមិនទាន់ប្រមូលអ្នកដែលពាក់ព័ន្ធជាមួយនឹងជនជាតិជប៉ុន និងក្មួយប្រុសខ្មែរម្នាក់ ទោះបីក្រសួងសុខាភិបាល បានយកប្រពន្ធ និងក្រុមគ្រួសារបុរសជនជាតិខ្មែរ យកមកធ្វើសំណាកនោះគ្មានវីរុសទេ ក៏ប៉ុន្តែ កម្ពុជាត្រូវការស្វែងរកអ្នកពាក់ព័ន្ធតទៅទៀត ដើម្បីយកសំណាកមកត្រួតពិនិត្យ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទៅសួរសុខទុក្ខបុរសជនជាតិខ្មែរនោះ គឺដើម្បីបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ។ សម្ដេចក៏អំពាវនាវ ឱ្យពលរដ្ឋទាំងអស់ កុំឱ្យមានការភ័យខ្លាច ចំពោះបញ្ហាវីរុស COVID-19 នេះ ប៉ុន្តែ ត្រូវរួមគ្នាទប់ស្កាត់ និងដោះស្រាយ បញ្ហា នេះ ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏ ហាម ពលរដ្ឋ មិនឱ្យ យក បញ្ហា វីរុស COVID-19 ទៅផ្សព្វផ្សាយបំពុលផងដែរ ជាពិសេសសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែជឿជាក់លើប្រព័ន្ធសុខាភិបាលកម្ពុជា។
គួរជម្រាបថា ប្រពន្ធ និងសមាជិកគ្រួសារ២នាក់ទៀត របស់បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លង Covid-19 នៅក្រុងសៀមរាប នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានបង្ហោះវីដេអូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំជ្រួលច្របល់ខ្លាំងពេកជាមួយជំងឺ Covid-19 នេះព្រោះថា សូម្បីរូបគាត់នៅផ្ទាល់ជាមួយប្តី ដែលជាអ្នកឆ្លងជំងឺនេះ ក៏មិនចម្លង ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែស ភ្លេចធ្វើអនាម័យនោះទេ។
ការចេញមកអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកទាំងបីនាក់ ត្រូវបានធ្វើតេស្តរួចរាល់ ហើយលទ្ធផលបញ្ជាក់ថា ពួកគាត់គ្មានផ្ទុកវីរុស Covid-19 នោះឡើយ។
ជាមួយគ្នានេះ អ្នកទាំង៣នាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀបរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពរបស់ពួកគាត់។
កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ៕