(ភ្នំពេញ)៖ ថ្លែងនៅចំពោះប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាប្រើក្រមា ជំនួសម៉ាស់ ដើម្បីបង្ការជំងឺ Covid-19 ស្របពេលម៉ាស់កំពុងតែឡើងថ្លៃ ហើយការនាំគ្នាមកប្រើប្រាស់ក្រមាខ្មែរជំនួសម៉ាស់នេះ ជាការចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញដាក់ ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយថ្ងៃនេះ មិចបានលោក ហ៊ុន សែន បង់កក្រមា នេះជាប្រភេទក្រវាត់កថ្មី ជំនាន់ កូរ៉ូណា អញ្ចេះកុំឱ្យអាអ្នកលក់ម៉ាស់វាតម្លើងថ្លៃនាំគ្នាប្រើប្រមាទៅវាស្រួល ស្អែកខ្ញុំទៅចែកសញ្ញាបត្រ ឱ្យនិស្សិត ក៏បង់កក្រមាទៅទៀត មើលវាទាស់ខុសអី ក្រមានេះវាស្រួលកុំឱ្យពាក់អាម៉ាស់នេះ គេប្រើតែ៣ម៉ោង ត្រូវតែបោះចោលហើយ អញ្ចឹងយើងម្នាក់ៗ ត្រូវតែស្ពាយម៉ាស់ពេញទាំងខ្លួន អញ្ចឹងយើងដាក់ក្រមាតាមទៅ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើប្រជាពលរដ្ឋខ្មែរ នាំគ្នាបង់កក្រមា ជំនួសម៉ាស់ នឹងធ្វើឱ្យអ្នកលក់ក្រមា នៅក្នុងប្រទេសកម្ពុជា លក់ដាច់ ដែលអាចចូលរួមបន្ថែមការការងារដល់ប្រជាជនខ្មែរ តាមរយៈការត្បាញក្រមានេះ ដើម្បីបង្កើនជីវភាពក្នុងគ្រួសារជាដើម។ មិនតែ ប៉ុណ្ណោះ វានឹងធ្វើឱ្យទីផ្សារក្រមាខ្មែរ កាន់តែមានទីផ្សារបន្ថែមទៀត ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់ក្រមាខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសសើរចំពោះប្រជាពលរដ្ឋខ្មែរ ដែលលេងបណ្តាញសង្គម Facebook ដែលនាំគ្នាបង្ហោះសារ ការប្រើប្រាស់ក្រមាខ្មែរ ជំនួសម៉ាស់ តាមរយៈការកែច្នៃធ្វើជាម៉ាស់ជាដើម ហើយការបង់កក្រមា គឺជាទំលាប់របស់ប្រជាជនខ្មែរ តាំងពីដូនតាមកម្ល៉េះ ដូច្នេះ ការបង់កក្រមារបស់សម្តេចថ្ងៃនេះ គឺចាត់ទុកថា ជាក្រវាត់ក ជំនាញថ្មី ឬជំនាញតេជោ សែន សម័យកើតជំងឺ កូរ៉ូណា។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន ក៏បានបង្ហាញពីភាពងាយស្រួលក្នុងការប្រើប្រាស់ក្រមា ជូនដល់ប្រជាពលរដ្ឋខ្មែរថា ក្រមាខ្មែរ ពេលប្រើប្រាស់រួចហើយអាចយកទៅបោកគករួច យកមកប្រើប្រាស់បានវិញ ដែលខុសពីម៉ាស់ គឺពាក់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះនឹងត្រូវបោះចោល ហើយប្រសិនបើពាក់ប្រើលើសកម្រិតនឹងបង្កឱ្យកើតជំងឺផ្សេងៗបន្ថែមទៀត តាមរយៈម៉ាស់នេះផងដែរ៕